លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានព្រមានដល់កូនក្រុមទាំងអស់ថាកុំលេងល្បិចនៅ World Cup ឆ្នាំនេះ ត្បិតអីអាជ្ញាកណ្ដាលមានវីដេអូ (VAR) សម្រាប់មើលជានិច្ច មិនអាចបន្លំបានឡើយ។
អង់គ្លេស ត្រូវប៉ះជាមួយក្រុមប៉ាណាម៉ា នាល្ងាចម៉ោង៧នេះ ក្នុងការប្រកួតទី២របស់ពួកគេ។ នេះជាប្រកួតសំខាន់មែនទែនសម្រាប់អង់គ្លេស ដើម្បីមានឱកាសឡើងទៅវគ្គបន្ដបាន។ មួយវិញទៀត ប្រសិនបើឈ្នះប្រកួតនេះ ពួកគេក៏នឹងងាយស្រួលក្នុងការលេងទល់ក្រុមបែលហ្សិកនៅប្រកួតចុងក្រោយផងដែរ។
ជាមួយនឹងការប្រកួតជិតចូលមកដល់នេះដែរ លោក Gareth Southgate បានប្រាប់ទៅកូនក្រុមថា៖ “យើងនឹងប្រុងប្រយ័ត្នឱ្យខ្លាំងបំផុត មិនឱ្យមានកំហុសឡើយ។ ខ្ញុំបានមើលការប្រកួតមុនៗអស់ហើយ VAR ពិតជាធ្វើបានល្អ និងមិនឱ្យកីឡាករលេងល្បិចនោះទេ។ អ្វីដែលខ្ញុំផ្ដាំទៅកូនក្រុមគឺត្រូវកាត់បន្ថយការបង្កើតកំហុស ជាពិសេសក្នុងតំបន់មុខទី និងតំបន់គ្រោះថ្នាក់”។
បច្ចេកវិទ្យា VAR ពិតជាធ្វើឱ្យការប្រកួតមិនលំអៀងមែន តួយ៉ាងដូចជាការប្រកួតរវៀងប្រេស៊ីល ជាមួយក្រុមកូស្ដារីកាអីចឹង។ ខ្សែប្រយុទ្ធ Neymar បានធ្វើពុតជាដួល ហើយអាជ្ញាកណ្ដាលបានផ្ដល់បាល់ពិន័យ១១ម៉ែត្រនៅគ្រានោះ។ យ៉ាងណាមិញ ក្រោយពីមានការតវ៉ា លោកអាជ្ញាកណ្ដាលបានទៅពិនិត្យ VAR ទើបឃើញថាពិតជាធ្វើពុតមែន ហើយក៏ដកការឱ្យបាល់ប៉េណាល់ទីនោះវិញ៕ប្រភព៖ DailyMail