Sandro៖ ​ខ្ញុំ​ស្ដាយ​លុយ ​ពេល​ចាយ​៣០០​ទៅ​៤​០០​រយ​អឺរ៉ូ​១​យប់​

ខ្សែ​ការពារ ​Alex Sandro ​ហាក់​ដូចជា​ស្ដាយ​លុយ ​មាន​អារម្មណ៍​មិន​ល្អ​ទេ ​នៅ​ពេល​ចំណាយ​៣០០​ទៅ​៤០០​អឺរ៉ូ​ក្នុង​ពេល​១​យប់ ​ខណៈ​ដែល​ខ្លួន​មាន​ប្រវត្តិ​កម្សត់​កម្រ​ខ្លាំង​មុន​ពេល​មាន​ថ្ងៃ​នេះ​។

បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​២១​ដង​​និង​ឈ្នះ​ពាន​រង្វាន់​បាន​១៧​ពាន​ហើយ ​ក៏​បច្ចុប្បន្ន​នេះ Sandro ​នៅ​មិន​អាច​បំភ្លេច​អតីត​កាល​របស់​ខ្លួន​បាន​ដែរ។ រាល់​ពេល​ទៅ​កម្សាន្ត​នៅ​ទី​ណា​ដែល​ចំណាយ​លុយ​ច្រើន ​រូបគេ​តែងតែ​មាន​ការ​សោកស្ដាយ​ជា​និច្ច ​និង​មាន​គំនិត​ថា​បើសិន​ជា​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ក្រ​វិញ​មិន​ដឹង​ល្អ​ប៉ុណ្ណា​នោះ​ទេ។

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម Paranaense ​នៅ​វ័យ​១៥​ឆ្នាំ ​ខ្ញុំ​រក​បាន​ត្រឹម​៩០​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​១​ខែ។ ​ខ្ញុំ​យក​ប្រាក់​ទាំង​អស់​នេះ ​ទៅ​ឱ្យ​គ្រួសារ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ។ បច្ចុប្បន្ន​នេះ​នៅ​ពេល​ខ្ញុំ​ចាយ​១​យប់​៣០០​ទៅ​៤០០​អឺរ៉ូ ​ខ្ញុំ​ចាប់​ផ្ដើម​នឹក​ដល់​ពេល​វេលា​លំបាក​ពី​តូច​មក​វិញ ​ហើយ​គិត​ក្នុង​ចិត្ត​ថា​បើ​លុយ​នេះ ​យក​ទៅ​ប្រើ​នៅ​ពេល​នោះ ​មិន​ដឹង​ជា​អាច​ជួយ​គ្រួសារ​បាន​ប៉ុន​ណា​ទេ”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT