FIFA ​ចង់​ឱ្យ​អ៊ីរ៉ង់ ​ផ្ដល់​ឱកាស​ឱ្យ​ស្ត្រី​ចូល​ទស្សនា​កីឡា​បាល់ទាត់​

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅ​អ៊ីរ៉ង់ ​ដើម្បី​ចរចា​បើក​ផ្លូវ​ឱ្យ​ស្ត្រី​ក្នុង​ប្រទេស​នេះ ​បាន​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​បាន។

ការ​ប្រកាស​របស់ FIFA ​នេះ​កើត​ឡើង​ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន ​ក្រោយ​ពី​ដឹង​ថា​ត្រូវ​ជាប់​គុក​៦​ឆ្នាំ​ពី​បទ​ព្យាយាម​ចូល​កីឡដ្ឋាន​ទស្សនា​ការ​ប្រកួត​បាល់ទាត់ ដោយ​បាន​ក្លែង​បន្លំ​ជា​បុរស។ ​FIFA ​បាន​បញ្ជាក់​ថា​គោល​បំណង​ធំ​របស់​ពួកគេ​គឺ​ចង់​ផ្ដល់​សិទ្ធិ​សេរី​ភាព​ដល់​ស្ត្រី​មិន​ថា​ប្រទេស​ណា​នោះ​ទេ ​ដោយ​បាន​ចូល​ទស្សនា​និង​គាំទ្រ​ការ​ប្រកួត​បាល់ទាត់ ដែល​ជា​កីឡា​មួយ​ផ្ដល់​សេរី​ភាព ​និង​ភាព​សប្បាយ​ចិត្ត​រីករាយ​ដល់​អ្នក​គាំទ្រ។

អ៊ីរ៉ង់​បាន​បិទ​សិទ្ធិ​នារី​ចូល​មើល​ការ​ប្រកួត​បាល់ទាត់​តាំង​ពី​ឆ្នាំ​១៩៨១​មក ​ដោយ​អះអាង​ថា​ជា​រឿង​មិន​ល្អ​សម្រាប់​ប្រទេស​នេះ​ដែល​ឱ្យ​ស្ត្រី​ចូល​មើល​កីឡា​ប្រើ​កម្លាំង​។ យ៉ាងណាមិញ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទាំង​រដ្ឋមន្ត្រី​ផ្នែក​កីឡា​របស់​អ៊ីរ៉ង់ ​និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង FIFA ​ផង ​មិន​យូរ​មិន​ឆាប់ ច្បាប់​ហាម​នារី​ចូល​មើល​បាល់ទាត់ អាច​នឹង​ត្រូវ​ដក​ចោល​វិញ​ហើយ៕ប្រភព៖ Bangkokpost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT