ត្បិតអាចជួយឲ្យក្លឹបឈ្នះ Copa del Rey និងឡើងមកឈរតំណែងលេខ ៤ នៅក្របខ័ណ្ឌ LaLiga ក៏តំណែងរបស់អ្នកចាត់ការលោក Marcelino ត្រូវបានដកចោលដដែល ទាំងដែល UCL រដូវកាលថ្មីមិនទាន់បានតតាំងផងនោះ។
ជុំវិញរឿងរ៉ាវនេះត្រូវបានសារព័ត៌មាន Marca ចុះផ្សាយថាក្លឹប Valencia បានទាក់ទងទៅកាន់លោក Albert Celades ជុំវិញការត្រៀមមកជំនួសតំណែងរបស់ Marcelino តាំងតែពី ២ សប្តាហ៍មុនមកម្ល៉េះ។ មូលហេតុដែលឈានដល់ការសម្រេចបែបនេះ ក៏ដោយសារតែលោក Peter Lim ជាប្រធានក្លឹបមានការមិនពេញចិត្តនូវសម្តីរបស់គ្រូចាស់ ដែលសបង្ហាញពីការមិនគោរពដល់ក្លឹបទាំងមូល។
កន្លងមក Marcelino ធ្លាប់បាននិយាយថា៖ “ក្លឹបធ្លាប់បានប្រាប់ខ្ញុំថា Rafinha នឹងមកចូលរួមឡើយ បែបនេះក្រុមរបស់យើងមើលទៅកាន់តែស្តួចស្តើងបន្តិចហើយ មួយផ្សេងទៀតប្រសិន Rodrigo ចាកចេញ នោះយើងក៏ចាំបាច់ត្រូវការផ្លាស់ប្តូរជាបន្ទាន់”។
លោកបន្តថា៖ “យើងមើលទៅការវិនិយោគរបស់ក្លឹបផ្សេងទៀតដូចជា Sevilla, Real Betis គឺពិតជាធ្វើឲ្យយើងលំបាកខ្លាំងនៅរដូវកាលក្រោយ”។ ការយល់ឃើញនូវសម្តីលើកឡើងទាំងនេះហើយ ជាដើមចមដែលធ្វើឲ្យតំណែងរបស់ Marcelino ត្រូវបានដកចេញដោយគ្មានស្តាយស្រណោះ៕ ប្រភព៖ Marca