Wenger ប្រាប់​ឲ្យ Salah កែ​ចរិត​មួយ​នេះ​សិន មុន​ចង់​ឈាន​ដល់​កម្រិត Messi

អតីត​អ្នកចាត់ការ​ក្លឹប​កាំភ្លើង​ធំ​លោក Arsene Wenger ​ហាក់​មាន​ការ​ប្រតិកម្ម​ទៅ​លើ​ទង្វើ​របស់ Mohamed Salah នៅ​ប្រកួត​ទល់ Burnley កាល​ពី​ថ្ងៃ​មុន​ រហូត​បោះ​ពាក្យ​ថា Salah ចាំ​បាច់​ត្រូវ​កែប្រែ​នូវ​អាកប្យកិរិយា​មួយ​នោះ មុន​អាច​ឈាន​ដល់​កម្រិត​របស់ Messi។

ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​រវាង​មិត្ត​រួម​ក្រុម Sadio Mane និង Mohamed Salah ​បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​អំឡុង​ពេល​អូស​បាល់​ដល់​ប្រអប់​គ្រោះថ្នាក់ Salah មិន​ព្រម​កាត់​បាល់​ឲ្យ​ទៅ Mane ទាំង​ដែល​កីឡាករ​សេណេហ្គាល់​ខំ​ស្រែក​ហៅ​ព្រោះ​ខ្លួន​មាន​ចន្លោះ​ទំនេរ ហើយ​កីឡាករ​អេហ្សីប​បែរ​ជា​បង្ហើយ​ដោយ​ខ្លួន​ឯង​ជាមួយ​ការ​រាំងស្ទះ​ពី​ខ្សែ​ការពារ​របស់ Burnley រហូត​ខកខាន​ឱកាស​មួយ​នោះ។

ជុំវិញ​ប្រតិកម្ម​របស់​លោក Wenger បាន​ប្រាប់ beIN Sports ថា៖ “Salah គាត់​មាន​ភាព​ស្រដៀង​ទៅ​នឹង Messi ប៉ុន្តែ​គាត់​ចាំ​បាច់​ត្រូវ​ស្វែងរក​ចំណុច​សំខាន់​មួយ​របស់ Messi សិន ពិត​ណាស់​ដែល​ខ្ញុំ​អាច​ថា Salah គាត់​ល្អ​ការ​បញ្ចប់​ទី ប៉ុន្តែ​បើ​យើង​មើល​ទៅ Messi គឺ​មាន​គ្រប់សព្វ ព្រោះ​គាត់​លេង​ចេះ​ចែក​បាល់​ឲ្យ​គ្នា ខុស​ពី Salah ដែល​រាង​អាត្មានិយម​បន្តិច”។

លោក​សង្កត់​ធ្ងន់៖ “ចំណុច​នេះ​អ្នក​ត្រូវ​សិក្សា​ឲ្យ​ច្បាស់លាស់ ថា​ពេល​ណា​ដែល​សក្តិសម​នឹង​ការ​បញ្ចប់​ទី ពេល​ណា​សក្តិសម​ការ​ចែក​បាល់​ឲ្យ​អ្នក​ដទៃ។ បែបណាមិញ​ខ្ញុំ​នៅ​តែ​ចូលចិត្ត Salah ទាំង​ដែល​គាត់​មាន​ឥទ្ធិពល​ធំធេង​ណាស់”៕ ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT