គ្រូ​ជំនួយ​ថៃ ​ប្រាប់​កីឡាករ​កុំ​ខ្លាច ​ពេល​ទៅ​លេង​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ​នឹង​ត្រូវ​ប្រកួត​ក្រុម​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ស្អែក​នេះ ​វេលា​ម៉ោង​៧:៣០​នាទី​យប់ ​វគ្គ​ជម្រុះ World Cup 2022 ។

​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ទើប​តែ​ខក​ចិត្ត ​ក្រោយ​ពី​ចាញ់​ក្រុម​ម៉ាឡេស៊ី ​៣-២ ​ភ្លាត់​ចុង​ម៉ោង ​ហើយ​ថែម​ទាំង​មាន​បញ្ហា​អ្នក​គាំទ្រ​វាយ​គ្នា​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ម៉ាឡេស៊ី​ក្នុង​កីឡដ្ឋាន​ថែម​ទៀត។ ស្រប​ពេល​ក្រុម​ថៃ​វិញ ​ក៏​មិន​ល្អ​ដែរ​ប្រកួត​មុន ដោយ​បាន​ត្រឹម​ស្មើ​ក្រុម​វៀតណាម ​០-០ ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រកួត​នេះ ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា ​ដើម្បី​មាន​សង្ឃឹម​ក្នុង​ពូល។

លោក Totchtawan ​គ្រូ​ជំនួយ​ក្រុម​ថៃ ​ដែល​ធ្លាប់​ជា​កីឡាករ​លេង​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ​១៩៩៧ ​នោះ ​បាន​និយាយ​ប្រាប់​កីឡាករ​ថៃ​ថា​៖ “វា​នឹង​ក្លាយ​ជា​ប្រកួត​ស្វិតស្វាញ​សម្រាប់​ក្រុម​ទាំង​ពីរ។ ខ្ញុំ​ធ្លាប់​មក​ទី​នេះ ​ហើយ​ធ្លាប់​លេង​នៅ​ពី​មុខ​អ្នក​គាំទ្រ​ជាង​៨​ម៉ឺន​នាក់។ ខ្ញុំ​បាន​ប្រាប់​កីឡាករ​យើង​ថា​ឱ្យ​ព្យាយាម​កុំ​ខ្វល់​ជាមួយ​អ្នក​គាំទ្រ​គេ​ពេក ​ទោះ​មាន​រឿង​អ្វី​ក៏​ដោយ។ យើង​ត្រូវ​តែ​ផ្ដោត​លើ​ការ​ប្រកួត​លើ​ទីលាន​បាន​ហើយ”៕


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT