ឡុង សុភី បង្ហើប​រឿង​សោក​ស្ដាយ​​​ដែលមិនបានប្រកួត Kickboxing នៅ​សង្វៀនអន្តរជាតិ

ជើង​ខ្លាំង​ ឡុង សុភី ​​ដែល​កំពុង​ត្រៀម​ខ្លួន​យ៉ាង​​ល្អ​ក្នុង​រយះ​ពេល​​ជាង​ ២ ​សប្ដាហ៍​មក​​នេះ​ដើម្បី​ប៉ះ​​ រឿង​ សោភ័ណ្ឌ ​នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​​​ដោយ​មាន​ប្រាក់​រង្វាន់​ ​ ៤០០០​ដុល្លារ​អាមេរិក។ ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៤ ខែ ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​ ​ដែល​ផ្សាយ​​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ CNC។ សុភី ​​បញ្ជាក់​ថា៖«​ សម្រាប់​ខ្ញុំ​សង្ឃឹម​ត្រឹម​​ ៥០% ​​ប៉ុណោះ​ ប៉ុន្តែ​​រឿង​ជាក់​ស្ដែង​ គឺ​ឡើង​លើ​សង្វៀន​ទើប​ដឹង។ ​យើង​អាច​មើល​ស្ថានការណ៍​ និង​ចិត្ត​សាស្ត្រ​គូ​ប្រកួត​ រឿង សោភ័ណ្ឌ សិន និង​ត្រូវ​បត់​បែន​តាម​ស្ថានការណ៍»។ ​យ៉ាង​ណា​ក្ដី​ ​ឡុង សុភី ​បាន​បង្ហើប​រឿង​សោក​ស្ដាយ​​មួយ​កាល​ទៅ​ប្រកួត​សង្វៀន​ ONE: CHAMPIONS AND WORRORS ​ ​នា​​ឆ្នាំ ២០១៣​ យ៉ាង​ដូច្នេះ​​៖«​​តាម​ពិត​ខ្ញុំ​គួរ​តែ​ប្រកួត​​ក្នុង​កម្មវិធី​ Kickboxing ​ដែល​ស្រដៀង​គុន​ខ្មែរ​ដែរ​ ប៉ុន្តែ គេ​​បិទ​កែង។ ​​កាល​​នោះ​​ហ្វឹកហាត់​ត្រៀម​ប្រកួត​ MMA​​បាន​តិច​ណាស់​ ​ ខ្ញុំ​ស្ដាយ​ក៏​ស្ដាយ​ សើច​ក៏​សើច​ពេល​មើល​វីដេអូ​ឡើង​វិញ។ ខ្ញុំ​ផុស​វីដេអូ​ថ្មីៗ​នេះ​​ហើយ​មើល​ទៅ​អស់​សំណើច​​ខ្លះ​ដែរ។ ​មើល​ទៅ​ដូច​អ្នក​អត់​ចេះ​វ៉ៃ​អីចឹង មិន​ដឹង​ប្រើ​ជំហរ​ ​អ្វី​​ MMA ​បន្តិច​ និង គុន​ខ្មែរ​បន្តិច»។

​​កូន​សិស្ស​របស់​លោក​ ឡុង​ សាលវ័ន្ត ​​បាន​រៀប​រាប់​ទៀត​ថា ​គ្រា​នោះ​រូប​គេ​​ហ្វឹកហាត់​​ក្បាច់​ឃ្លេ​ ​ក្បាច់​កាច់ និង ចំបាប់​បាន​ត្រឹម​ ២ សប្ដាហ៍​ប៉ុណ្ណោះ​មុន​​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​​កាល​ពី​ ៦ ​ឆ្នាំ​មុន​នៅ​ក្រុង​​ក្រុង​ ហ្សាកាតា​ ​ប្រទេស​ឥណ្ឌូណេស៊ី។ ​បើ​ក្រឡេក​មើល​វីដេអូ​ឡើង​វិញ​ ​នៅ​ទឹក​ទី១​ ​ឡុង សុភី​​​​​​ត្រូវ​បាន​​កីឡាករ​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​ Max Metino ​រត់​ចូល​​បោក​តែ​​ម្ដង​ដោយ​សារ​គេ​មាន​ក្បាច់​បាត​គុន​ចម្រុះ​ស្រាប់ ខណៈ​ដែល​ ​សុភី ​ជំនាញ​គុន​ខ្មែរ។​ Max Metino ​​បាន​​ចូល​​កៀក​ ​ដើម្បី​ បោក​ និង​ ចាប់​ឃ្លេ ​​ចំនួន​ ២ ដង​ ប៉ុន្តែ​​ សុភី ​​​រើ​រួច​ឃ្លេ​មួយគ្រា។ ​យ៉ាង​ណា​​ក្ដី​ដោយ​សារ​​ការ​ហ្វឹកហាត់​បាន​តិចតួច​​​ខាង​គុន MMA សុភី មិន​អាច​គេច​​ផុត​ពី​ឃ្លេ​ម្ដង​ទៀត​ឡើយ​រហូត​ដល់​ចប់​ទឹក​ទី១។ ​​ ​សុភី ​​បាន​ព្យាយាម​គ្រប់​​មធ្យោបាយ​ដើម្បី​​កុំ​​ឲ្យ​ Max ​ចូល​កៀក​ ​ប៉ុន្តែ​ការ​រារាំង​ត្រូវ​បរាជ័យ ហើយ ​កីឡាករ​​ឥណ្ឌូណេស៊ី ​ចូល​បោក​បាន​ដោយ​​​ប្រើ​កំភួន​ដៃ​អុក​ ​​​​សុភី​ ពី​លើ​​ហូរហែ​ រហូត​ ហើយ​ ​​ដៃ​ និង​ ​ជើង​ម្ខាង​របស់​​គេ​​​​គាប​​ឃ្លេ​​​ទាល់​តែ​​ អាជ្ញា​កណ្ដាល​​បញ្ឈប់​ត្រឹម​ចុង​ទឹក​ទី២។

វីដេអូ៖ ឡុង សុភី ចាញ់ Max

https://www.youtube.com/watch?v=C95PmhGCEvw&feature=youtu.be

​ទោះ​​ជា​បែប​ណា​ក្ដី​ ប្អូន​ប្រុស​​​បង្កើត​របស់​​គ្រូ​បង្វឹក​ ឡុង សាលវ័ន្ត​ ​រូប​​នេះ​បង្ហាញ​ក្ដី​​សង្ឃឹម​ថា ​៖«​ បើ​​​គេ​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​ម្ដង​ទៀត​ ខ្ញុំ​ខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង រួម​ទាំង​ការ​ត្រៀម​ឡើង​រេញ​រហូត​មក​នេះ​អាច​ល្អ​ប្រសើរ​ក្នុង​​​កម្មវិធី​​ប្រកួត​ Kickboxing ​​​​​​វិញ ​ដែល​​​​វា​ខុស​គ្នា​បន្តិច​អំពី​ប្រដាល់​សេរី ឬ គុន​ខ្មែរ​ប៉ុណ្ណោះ។ ការ​ប្រកួត​គុន​ខ្មែរ​ជា​ជំនាញ​របស់​យើង។ ​បើ​ឲ្យ​ប្រកួត​គុន​ចម្រុះ​ គឺ ​ដឹង​តែ​ចាញ់​​ប្រៀប​គេ​ហើយ។ ​ប៉ុន្តែ​ដោយ​សារ​ពី​មុន​គេ​អត់​ទាន់​ដាក់​កម្មវិធី​ Kickboxing​»។

គួរ​​ដឹង​ដែរ​ថា ​ឡុង សុភី​ ​មាន​អាយុ​ ៣១ ​ឆ្នាំ​ហើយ​​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​នៅ​​តែ​ហ្វឹកហាត់​ទៀងទាត់ និង​ឡើង​សង្វៀន​​ប្រកួត​នានា​មិន​ដាច់​សូរ​។ សុភី​​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ ស្វាយកង់ ឃុំ​​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង។ ​​ ឡុង សុភី ​ឡើង​ប្រកួត​មិន​ក្រោម​៦០០ ​ដង​ ​ឡើយ​ ​បើ​គិត​ការ​ប្រកួត​តាម​តំបន់​ ​តាម​សង្វៀន​ទូរទស្សន៍​ ​និង កម្មវិធី​អន្តរជាតិ​​នានា។ ​​កីឡាករ​ជំនាញ​កែង​ និង ជង្គង់​ ​ឈ្នះ​​ខ្សែ​ក្រវាត់​ស្រា​សាច់​ដុំ, Gold Region, ​ឈ្នះ​ប្រាក់​រង្វាន់​​ពី​ធនាគារ​, ​ឈ្នះ​​និង​ ខ្សែ​ក្រវាត់​ K-Cement ​ ​​ជា​ដើម។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT