ក្រោយពីចាយពេលអស់ ២២ ឆ្នាំជាមួយនឹងអាជីពជាកីឡាករបាល់ទាត់ ទីបំផុតអតីតជើងចាស់នៅក្លឹប FC Barcelona គឺ Samuel Eto’o បានសម្រេចព្យួរស្បែកជើងចូលនិវត្តន៍ជាផ្លូវការហើយ។
បុរសវ័យ ៣៨ ឆ្នាំដែលធ្លាប់ជួយឲ្យក្លឹបអេស្ប៉ាញឈ្នះពានរង្វាន់ LaLiga ៣ សម័យកាលនិង Champions League ២ សម័យកាលអំឡុងពេលលេងនៅទឹកដី Camp Nou ក៏បានផ្លាស់ទៅចូលរួមនៅ Inter Milan នាឆ្នាំ ២០០៩ ដែលគ្រានោះស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho។
នៅលើសារក្នុងគណនី Instagram កាលពីយប់ថ្ងៃសុក្រ Eto’o បានសរសេរថា៖ “ដល់ទីបញ្ចប់ហើយ យើងកំពុងឆ្ពោះរកការប្រកួតប្រជែងថ្មី អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់ដ៏ធំធេង”។
បញ្ជាក់ថានេះរាប់ទាំងការចូលនិវត្តន៍ជាមួយក្លឹបនិងជម្រើសជាតិកាមេរ៉ូនដោយលោកធ្លាប់ឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំទ្វីបអាហ្វ្រិកចំនួន ៤ លើកផងដែរ។ ប្រភព៖ Mirror