លោក Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ ថាក្រុមរបស់លោកមិនមានខ្សែប្រយុទ្ធច្រើន ព្រោះលីគថៃបាននាំយកខ្សែប្រយុទ្ធបរទេសមកលេងលីគច្រើនពេក ដែលធ្វើឱ្យកីឡាករក្នុងស្រុកបាត់បង់ឱកាស។
ក្រុមជម្រើសជាតិថៃ នឹងត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម នៅល្ងាចនេះ ក្នុងការប្រកួតជម្រុះ World Cup 2022 ពូលG ។ សម្រាប់ការប្រកួតនេះដែរ ក្រុមជម្រើសជាតិថៃ បានកោះហៅកីឡាករ២៣នាក់ តែក្នុងនោះភាគច្រើនសុទ្ធតែបម្រើ មិនមានប្រយុទ្ធពេញតួនោះទេ។ ការជ្រើសរើសដូច្នេះ ត្រូវបានលោក Nishino ពន្យល់ថាលីគថៃ ក្រុមនីមួយៗបានប្រើប្រាស់កីឡាករបរទេសនៅតំបន់ប្រយុទ្ធច្រើនពេក ដែលរឿងនេះធ្វើឱ្យខ្សែប្រយុទ្ធក្នុងស្រុកបាត់បង់ឱកាសលេងច្រើន។
តែទោះជាយ៉ាងនេះក្ដី គ្រូបង្វឹកដែលនាំក្រុមជប៉ុនឡើងដល់វគ្គ១៦ក្រុមចុងក្រោយ World Cup 2018 កន្លងទៅ នៅតែមានជំនឿថាក្រុមថៃនឹងទទួលបានលទ្ធផលល្អដដែលសម្រាប់ការប្រកួតនេះ។ លោក Nishino បញ្ជាក់ថាកីឡាករទាំង២៣នាក់របស់លោក គឺសុទ្ធតែអាចរកគ្រាប់បាល់បាន ដូច្នេះនឹងមិនមែនជាបញ្ហាឡើយសម្រាប់ការប៉ះវៀតណាមនៅល្ងាចនេះ៕ប្រភព៖ Bangkokpost