សង្ឃឹមខ្ពស់នៅស៊ីហ្គេម ល្បុក្កតោខ្មែរ ឈ្នះមេដាយ៧គ្រឿងនៅកូរ៉េ ក្នុងវិញ្ញាសារដំបងខ្លី

ក្រុម​កីឡាករ​គុន​ល្បុក្កតោ​កម្ពុជា បានឈ្នះ​មេដាយ៧គ្រឿង មានមាស៦ សំរឹទ្ធិ១​ លើ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ក្នុងការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា Arnis នៅ​សាធារណរដ្ឋ​កូរ៉េ​។​ជ័យជម្នះ​ដ៏​ធំធេង​នេះ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​រំពឹង​ខ្ពស់​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។​

វិញ្ញាសា​ដំបង​ខ្លី Arnis នេះ ជា​ក្បាច់គុន​វប្បធម៌ ប្រពៃណី​របស់​ហ្វីលីពីន​ដែលខុសពី​វិញ្ញាសា​ដំបង​ខ្លី​ក្នុង​គុន​ល្បុក្កតោ ដោយសារ​តម្រូវ​ឲ្យ​កីឡាករ​ពាក់​ខោអាវ និង​មួក​ការពារ​ដងខ្លួន​និង​ក្បាល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​របួស ឬ​គ្រោះថ្នាក់​ផ្សេងៗ​ពី​ការ​វាយ​របស់​កីឡាករ ដែលមាន​ដំបង​ខ្លី​រៀងៗ​ខ្លួន​។

ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៦ ដែល​ជួយ​កម្ពុ​ជាមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុងការ​ប្រកួត​នេះ​។ មេដាយមាស​ទាំង​៦​រកបាន​ម្នា​ក់មួយ​ដោយ​កីឡាការិនី ខៀវ ចិ​ន្តា​រ័ត្ន​, យស់ សញ្ច​នា​, ពេជ្រ ពន្លឺ​, សុខ ប៊ុន​យ៉ុង​, មឿ​ន ប៊ុនលី និង ឈឹម សីលា និងម្សិលមិញ ឈ្នះមេដាយសំរឹទ្ធិ១គ្រឿងទៀតផងដែរ​។

​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​មកពី​៤​ប្រទេស​ចូលរួម​រួមមាន​កម្ពុជា ហ្វីលីពីន វៀតណាម និង​មី​យ៉ាន់​ម៉ា​។ ការប្រកួត​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា Arnis របស់​ហ្វីលីពីន​។ ក្រុម​កីឡាករ​ល្បុក្កតោ​នឹង​ត្រឡប់មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩៕

https://www.facebook.com/KunBokatorFederation/videos/422685598362939/

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT