ជួបហុងកុងពិបាកឈ្នះ ប៉ុន្តែអ្នកគាំទ្រកម្ពុជាភ្លូកទិញសំបុត្រចូលទស្សនាស្ទើរអស់

នាល្ងាចថ្ងៃទី០៥ ខែកញ្ញាស្អែកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវក្រុមជម្រើសហុងកុង ក្នុងវគ្គជម្រុះវ៉ើលខាប់ជុំទី២ តំបន់អាស៊ី។ បើគិតពីចំណាត់ថ្នាក់ និងការរៀបចំកម្ពុជា ហាក់ពិបាកខ្លាំងដើម្បីយកពិន្ទុពីហុងកុង ប៉ុន្តែយ៉ាងណាអ្នកគាំទ្រលើសលប់បានទៅទិញសំបុត្ររួចរាល់ក្នុងការចូលមើលប្រកួតនេះ។

តាមទិន្ន័យពី FFC សំបុត្រប្រភេទ១បានលក់អស់តាំងពីដើមសប្តាហ៍មក ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ ពេលល្ងាចៗឡើងគេឃើញមានសំទុះយុវជនជាច្រើនទៅតាមរកទិញសំបុត្រដែលនៅសល់។ ប្រភពក្រៅផ្លូវការមួយទម្លាយថា សំបុត្រសល់តែប្រមាណ៦០០០ទៀតប៉ុណ្ណោះ។ ក្នុងន័យនេះ FFC បានលក់អស់ប្រហែល ៤៤០០០ ទៅហើយ។

ហុងកុងបានត្រៀមល្អមែនទែន ដោយមានការបោះជម្រុះហ្វឹកហាត់យូរ និងប្តូរកីឡាករដល់ទៅ៣ដងទៅហើយ មុនមកកម្ពុជា។ ចំណែកក្រុមគោព្រៃគឺត្រឹមប្រមូលផ្តុំហ្វឹកហាត់ធម្មតា ហើយគ្មានសូម្បីប្រកួតមិត្តភាពត្រៀមផងដែរ។ ចំណុចមួយទៀតគឺ ក្រុមកម្ពុជា បានផ្លាស់ប្តូរកីឡាករមួយចំនួនធំ និងមិនមានវត្តមានតារាឆ្នើម ចាន់ វឌ្ឍនាកា , ប្រាក់ មុន្នីឧត្តម ធារី ចន្ថាប៊ីន ឡើយ។

ក្នុងតារាង​ FIFA Ranking បច្ចុប្បន្ន ហុងកុង នៅចំណាត់ថ្នាក់១៣៩ ខណៈកម្ពុជានៅ១៧០។

ការប្រកួតនឹងធ្វើឡើងនាម៉ោង៦:៣០នាទីនេះ នៅពហុកីឡដ្ឋានជាតិ ដោយមានផ្សាយផ្ទាល់ដោយ BTV ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT