លទ្ធផលចុងក្រោយ Neymar មិនអាចផ្លាស់ទៅលេងនៅក្លឹប Barcelona វិញនោះទេ ក្រោយពីក្រុម PSG មិនព្រមលក់ឱ្យ ព្រោះការចរចាមិនត្រូវគ្នានោះឡើយ។

Barcelona មិនមានខ្ទង់ចំណាយគ្រប់គ្រាន់សម្រាប់ទិញ Neymar ឡើយ ដោយចាប់តាំងពីចរចាគ្នាមក PSG នៅតែរក្សាចិត្តចង់បានលុយសុទ្ធសម្រាប់ការលក់ ដោយមិនត្រូវការកីឡាករដោះដូរនោះទេ។ ក្រុមអ្នកមានបុណ្យហានចំណាយត្រឹម១៥០លានអឺរ៉ូប៉ុណ្ណោះ ក្នុងការចំណាយលុយពេញដើម្បីនាំយកកីឡាករប្រេស៊ីល ស្របពេលខាង PSG វិញ ទាមទារដល់ទៅជាង២០០លានអឺរ៉ូ ទើបព្រមលក់។ កត្ដាការចរចាគ្នាមិនត្រូវ ព្រោះក្រុមនៅបារាំងទាមទារតែលុយសុទ្ធបែបនេះហើយ ទើបការផ្ទេរណាមួយមិនអាចកើតមានឡើងបានឡើយ។
នេះមានន័យថា Neymar ត្រូវនៅបន្ដជាមួយក្រុម PSG ទៀត ហើយត្រូវរង់ចាំដល់ខែមករា ឬរដូវកាលដោះដូរកីឡាករឆ្នាំក្រោយ ទើបអាចចាកចេញបាន។ ការបន្ដលេងនេះដែរ ប្រសិនបើរូបគេនៅតែមិនព្រមចូលលេងឱ្យក្រុម PSG ដូចការបើករដូវកាល នោះតម្លៃពលកម្មរបស់គេក៏មិនអាចបើកបានដែរ។ ដូចដែលបានឃើញស្រាប់ PSG បានខ្ចីជើងខ្សែប្រយុទ្ធ Icardi ពីក្រុម Inter Milan រួចជាស្រេចហើយ ដើម្បីសាគួរក្រែង Neymar មិនព្រមលេងឱ្យ៕ប្រភព៖ Marca