ចុង​ម៉ោង Real Madrid ​យក​បាន​អ្នក​ចាំ​ទី​ធ្លាប់​ឈ្នះ World Cup ​បាន​២​ដង​មក​រួម​ក្រុម

ទីផ្សារ​ដោះដូរ​កីឡាករ​តំបន់​អឺរ៉ុប​បិទ​ត្រឹម​យប់មិញ​នេះ​ហើយ ​ដោយ​ក្នុង​នោះ​ក្រុម Real Madrid ​បាន​នាំ​យក​អ្នក​ចាំ​ទី​ថ្មី Areola ​ពី​ក្រុម PSG ​មក​រួម​ក្រុម។

Areola ​មក​រួម​ក្រុម Real Madrid ​នេះ គឺ​ជា​ចំណែក​មួយ​នៃ​ការ​ទិញដូរ Navas ​របស់ PSG ​។ ក្នុង​កុងត្រា​ទិញ Navas ​គឺ Areola ​នឹង​ត្រូវ​មក​រួម​ក្រុម Real Madrid ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​។ ​និយាយ​ពី​អ្នក​ចាំទី​ថ្មី​ដែល​ទើប​មក​អេស្ប៉ាញ​នេះ ​គឺ​អាច​និយាយ​បាន​ថា​ល្អ​សម្រាប់​ដៃ​ទី​២​របស់ Real Madrid ​ហើយ ព្រោះ​រូបគេ​ធ្លាប់​ជួយ​បារាំង​លើក​ពាន World Cup U20 ​ម្ដង ​និង​ឈុត​ធំ​ឈ្នះ World Cup 2018 ​ថែម​ទៀត។

កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ ​មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ហ្វីលីពីន ​ហើយ​កើត​នៅ​បារាំង។ ដូច្នេះ​ហើយ​ទើប​រូបគេ​អាច​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង​បាន​។ ​រូបគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​១០​ខាង​មុខ​នេះ ទើប​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម Real Madrid ​បាន ​ដោយ​ត្រូវ​បំពេញ​លិខិត​ស្នាម​នានា​សិន៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT