Kane ៖ ខ្ញុំ​គិត​ថា ​ខ្ញុំ​គួរ​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ចុង​ម៉ោង​

​ក្រុម Arsenal ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-២ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៤​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​ដែរ ​ក្រុម​ភ្ញៀវ Spurs ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​២​គ្រាប់​មុន ​ប៉ុន្តែ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Arsenal ​ព្យាយាម​វាយ​សម្រុក​រហូត​តាម​បាន​ស្មើ​វិញ​។ ​ចប់​៩០​នាទី ​ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ ​ពី​ការ​ប្រកួត​សប្ដាហ៍​នេះ។

និយាយ​ពី​ស្ថានភាព​ប្រកួត​នេះ​វិញ ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង ព្រោះ​ជា​ជំនួប London Derby ។ យ៉ាងណាមិញ ​បើ​តាម Kane ​ប្រធាន​ក្រុម​របស់ Spurs ​បាន​អះអាង​ថា​រូបគេ​គួរ​តែ​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​នៅ​ចុង​ម៉ោង គ្រា​ដែល​កីឡាករ​ Sokratis ​បាន​រុញ​គេ​ពី​ក្រោយ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ តែ​គួរ​ឱ្យ​សោកស្ដាយ ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ​ឡើយ ​ហើយ​ក៏​មិន​ចាប់​កំហុស ​និង​ពិនិត្យ VAR ​នោះ​ដែរ។

ឆ្លង​កាត់​៤​ប្រកួត​មក​នេះ ​ក្រុម Spurs ​ហាក់​ចាប់​ផ្ដើម​មិន​ល្អ​ឡើយ ដោយ​ឈ្នះ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ ​ស្មើ​២​ប្រកួត ​និង​ចាញ់​១​ប្រកួត។ ដោយ​ឡែក​ក្រុម Arsenal ​វិញ ​៤​ប្រកួត​ពួកគេ​គឺ​ឈ្នះ​២​ប្រកួត ចាញ់​១​ប្រកួត ​និង​ស្មើ​១​ប្រកួត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT