ភ្នំពេញក្រោន ប៉ងជួប វិសាខា ឬបឹងកេត ក្រោយទម្លាក់ទ័ពនៅពានសម្តេចតេជោ ហ៊ុន សែន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានដាក់គោលដៅចង់ជួបក្រុមវិសាខា ឬបឹងកេត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទី ៥ទល់៤។

លោក ស៊ុំ វណ្ណា បានបង្ហើបថាមិនចង់ជួបព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ បានន័យថា វគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក្រុមខ្លួនចង់ជួបបឹងកេត ឬវិសាខា ជាង។ លោកថា៖ «ព្រះខ័នរាជ ជាក្រុមមួយរៀបចំបានល្អ តាំងពីថ្នាក់ដឹកនាំ ក្រុមបច្ចេកទេស គ្រូ និងកីឡាករ។ ម្យ៉ាងគាត់ស្ថិតក្នុងអាទិភាពលើកពានលីគមួយហើយ ចឹងអ្វីដែលគាត់ត្រូវរៀបចំ គឺចាប់យកទាំងពីរ។ ចឹងបើសិនយើងប៉ះគាត់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងអាចមានបញ្ហា តែបើយើងគេចគាត់បាន ចាំទៅជួបនៅវគ្គផ្ដាច់ព្រ័ត្រ យើងអាចមានឱកាសច្រើន។»

យ៉ាងណាមិញ អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា៖ «ជាក់ស្ដែងដល់វគ្គនេះ មិនថាក្លឹបណាធំ ក្លឹបណាតូចទេ ព្រោះចូលទីលានលេង ១១នាក់ស្មើគ្នា ចឹងបើក្លឹបណារៀបចំបានល្អ នឹងមានឱកាសឡើងវគ្គបន្ដ។»

ចំពោះបេក្ខភាពវគ្គ ៤ក្រុមចុងក្រោយវិញ រួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា ហើយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គបន្ដ នាពេលឆាប់ៗខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT