ម្ចាស់​ពាន UEFA POTY ២០១៩ ប៊ិះ​តែ​នឹង​អស់​ជីវិត​កាល​ពី ៧ ឆ្នាំ​មុន

នៅ​ក្រោយ​ភាព​ជោគជ័យ​របស់ Virgil van Dijk រូប​លោក​ក៏​ធ្លាប់​បាន​ហែល​កាត់​ការ​លំបាក​ជា​ច្រើន​មិន​ថា​តែ​ការ​ខិតខំ​លើ​ទីលាន និង​ការ​ជម្នះ​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ។

ក្រឡេក​ទៅ​ឆ្នាំ ២០១២ កីឡាករ​សញ្ជាតិ​ហូឡង់​ប៊ិះ​តែ​នឹង​ផុត​ដង្ហើម​ក្រោយ​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ អំឡុង​ពេល​លេង​ឲ្យ​ក្លឹប FC Groningen។ គ្រា​នោះ​នៅ​វ័យ ២០ ឆ្នាំ អាជីព​របស់ Van Dijk ​បាន​បង្អាក់​ដោយ​សារ​ជំងឺ​តូចតាច ដែល​ប្រែ​ទៅ​ជា​ធំ​ដោយ​នឹក​ស្មាន​មិន​ដល់។

ជំនួយ​ការ​គ្រូ​បង្វឹក​របស់​ក្លឹប Groningen លោក Dick Lukkien បាន​ប្រាប់ FourFourTwo នា​ពេល​កន្លង​មក​ថា៖ “Van Dijk ធ្លាប់​មាន​បញ្ហា​សុខភាព​ពេល​បញ្ចប់​ការ​ប្រកួត​ទល់ Excelsior នៅ​ក្របខ័ណ្ឌ Eredivisie ដោយ​ដំណឹង​ផ្លូវការ​ត្រឹម​គិត​ថា​រូប​លោក​មាន​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ តែ​ក្រោយ​មក​បែរ​ជា​កើត​មាន​ដល់​ជំងឺ​រលាក​ខ្នែង​ពោះវៀន រលាក​ស្រោម​ពោះ និង​ជំងឺ​តម្រង់​នោម​ថែម​ទៀត”។

លោក​បន្ត៖ “ដំបូង​យើង​ត្រឹម​គិត​ថា​គាត់​ផ្តាសាយ​ធម្មតា​ទេ រហូត​ដល់​ពេល​ម្តាយ​របស់​គាត់​ទៅ​មើល​គាត់​ផ្ទាល់​ទើប​ដឹង ថា​ស្ថានភាព​ធ្ងន់ធ្ងរ​កម្រិត​ណា​ខ្លះ ហើយ​បាន​ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ ដោយ​រឿង​នេះ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង ស្រប​ពេល Van Dijk ធ្លាប់​តែ​ជា​បុរស​មាឌ​ធំ​ម្នាក់ តែ​ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​វិញ​ទាំង​សភាព​ស្គមស្គាំង​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង”។ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT