Szczesny៖ “ឥឡូវ De Ligt និង Ronaldo អស់​ផ្លូវ​ទម្លាក់ Juve នៅ UCL ទៀត​ហើយ”

អ្នកចាំទី​របស់​ក្លឹប Juventus គឺ​កីឡាករ Wojciech Szczesny បាន​ពោល​ពាក្យ​ទាំង​អស់​សំណើច​ជុំវិញ​ការ​ដែល​ក្លឹប​អាច​មាន​សង្ឃឹម​យក​ឈ្នះ Champions League បន្ទាប់​ពី Matthijs de Ligt និង Cristiano Ronaldo ធ្លាប់​ជា​ជើង​ខ្លាំង​នៅ Ajax និង Real Madrid លែង​មាន​ឱកាស​ទម្លាក់​ក្រុម​សេះ​បង្កង់​នេះ​ទៀត​ហើយ។

Ajax បាន​ធ្វើ​ទុក្ខ​ដល់ Juve កាល​ពី​រដូវ​កាល​ចាស់ ខណៈ​ជា​ញឹកញយ Ronaldo ផ្ទាល់​អំឡុង​ពាក់​ឈុត​ស​ក៏​ធ្លាប់​ផ្តល់​មេរៀន​បរាជ័យ​ដល់ Juve ដូច​គ្នា។

ប្រាប់ Sky Sport Italia អ្នកចាំទី​រូប​នេះ​និយាយ​ថា៖ “Matthijs de Ligt និង Cristiano Rnoaldo មិន​អាច​ទម្លាក់​ពួក​យើង​ទៀត​នោះ​ទេ បែប​នេះ​យើង​នឹង​មាន​ឱកាស​ច្រើន​ជាង​មុន​មែនទេ”។

លោក​បន្ត៖ “ក្រៅ​ពី​ការ​លេង​សើច​នេះ ខ្ញុំ​មិន​ចង់​គិត​ពី​រឿង UCL នោះ​ទេ ព្រោះ​អារម្មណ៍​របស់​យើង​កំពុង​ផ្តោត​សំខាន់​លើ Napoli”។ បញ្ជាក់​ថា​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ក្លឹប Juventus នឹង​ត្រូវ​តតាំង​ Napoli ដែល​ជា​ជុំ​ទី ២ នៅ​ក្របខ័ណ្ឌ Serie A។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT