កីឡាបាល់ទះ​នៅកម្ពុជា មានសកម្មភាពឡើងវិញក្រោយដេកលក់មួយរយៈធំ

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្តើមសកម្មភាពឡើងវិញ តាមរយៈការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតអន្តរជាតិ កាលពីព្រឹកមិញនៅទីស្នាក់ការ NOCC ។

លោក បឹង គឹមតោ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានស្នើឲ្យសិក្ខាយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ ដើម្បីគោលដៅ ដ៏ធំចម្បង ក្នុងដំណើរឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការរូបនេះបញ្ជាក់ជូនថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺជាការបណ្តុះបណ្តាលធនធាន មនុស្ស ដើម្បីឈានឆ្ពោះទៅបន្តបណ្តុះបណ្តាលកីឡាករ កីឡាការិនី នៅតាមរាជធានី-ខេត្តនានា ដើម្បីស្វែងរក បានធនធានអត្តពលិកប្រកបដោយគុណភាព សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ផង ក៏ដូចជាចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍អន្តរជាតិនានា នាពេលខាងមុខផង។

លោកអះអាងទៀតថា តាមគោលដៅរបស់ថ្នាក់ដឹកនាំសហព័ន្ធគ្រោងនឹងរៀបចំឲ្យមានការប្រកួត លក្ខណៈលីគ នាពេលខាងមុខ ដោយត្រូវខិតខំស្វះស្វែងរកដៃគូឧបត្ថម្ភគាំទ្រ ដើម្បីគម្រោងការប្រកួតលីគឲ្យ ទទួលបានលទ្ធផលជាផ្លែផ្កា។

លោក Shameem-Al-Mamun គ្រូឧទ្ទេសកម្រិតអន្តរជាតិ ប្រចាំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹក កីឡាបាល់ទះ កម្រិត១ បានបញ្ជាក់ដែរថា ថ្វីដ្បិតតែវគ្គសិក្សានេះមានរយៈខ្លីត្រឹមតែ៥ថ្ងៃក៏ដោយ ក៏លោកប្តេជ្ញាចិត្តខ្ពស់ថានឹងខិតខំឲ្យអស់ពីសមត្ថភាព ដោយអ្វីៗដែលមាននៅក្នុងបេះដូងរបស់លោកៗនឹងចែករំលែកជូន ដល់គ្រូៗកម្ពុជាទាំងអស់។ លោកបញ្ចាក់ថា វគ្គនេះគឺសំខាន់ណាស់ ដូច្នេះលោកសូមឲ្យសិក្ខាកាមទាំងអស់ គប្បីត្រូវក្រេបជញ្ជក់យកចំណេះដឹងទាំងនេះទៅបណ្តុះបណ្តាលបន្តជូនដល់កីឡាករ កីឡាការិនីបាល់ទះឲ្យកាន់ តែសម្បូរបែបបន្ថែមទៀត។

សូមបញ្ជាក់ថា វគ្គសិក្សានេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកពី១២រាជធានីខេត្ត ក្នុងនោះក៏មាន គ្រូបង្វឹកមកពីបណ្តាក្លឹបធំៗផងដែរ ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT