Real Madrid ​រំពឹង​ថា Hazard ​បាន​ចូល​លេង​វិញ​អាទិត្យ​នេះ​

ក្រុម Real Madrid ​រំពឹង​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​នឹង​បាន​ចូល​លេង​វិញ​នៅ​ប្រកួត​ចុង​សប្ដាហ៍​នេះ ក្រោយ​ពី​ខកខាន​លេង​២​ប្រកួត​មក​ហើយ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​មិត្តភាព​បើក​រដូវ​កាល ​Hazard ​បាន​រង​របួស​សាច់​ដុំ​ភ្លៅ ដែល​ធ្វើ​ឱ្យ​រូបគេ​ខកខាន​មិន​អាច​ចូល​លេង​បាន​២​ប្រកួត​មក​ហើយ។ ​ក្រុម​អ្នក​គាំទ្រ​អធិរាជ​ស កំពុង​ចាំ​មើល​ការ​បង្ហាញ​សមត្ថភាព​ប្រកួត​ផ្លូវការ​របស់​គេ​ខ្លាំង។​ដូច្នេះ​ហើយ សប្ដាហ៍​ទី​៣​នេះ គេ​រំពឹង​ថា​នឹង​អាច​ចូល​លេង ​ក៏​ដូចជា​ជួយ​ក្រុម​បាន​វិញ​ហើយ។ កីឡាករ​បែលហ្សិក​នេះ ​បាន​ចូល​ហាត់​ពេញ​១០០%​ជាមួយ​សមាជិក​ដទៃ​ទៀត ​ដែល​នេះ​ធ្វើ​ឱ្យ​គេ​គិត​ថា​ប៉ះ​ក្រុម Villarreal ​កីឡាករ Hazard ​នឹង​ជាប់​ជម្រើស​ដំបូង​វិញ។

បច្ចុប្បន្ន​នេះ ក្រុម Real Madrid ​ឆ្លង​កាត់​២​ប្រកួត ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​បើក​ឆាក​ឈ្នះ​ក្រុម Celta Vigo ​៣-១ ​និង​ប្រកួត​១​ទៀត​ស្មើ​ក្រុម Real Valladolid ​១-១។ ​ឆ្លង​កាត់​២​ប្រកួត​នេះ ​ក្រុម​របស់​លោក Zidane ​ចាប់​ផ្ដើម​មាន​បញ្ហា​កីឡាករ​របួស​ទៅ​ហើយ ​ដោយ​មាន​៨​នាក់​ហើយ​មិន​អាច​ចូល​លេង​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT