គ្រូ​បង្វឹក​​​​​​​​ ចាន់​ រតនា ​ផ្ញើរសារជូនអ្នក​គាំទ្រ​ ក្រោយ​​សិស្ស​ធ្វើ​បានល្អ​​នៅ​ ONE

អ្នក​​លេង​ក្បាច់​គុន​ ចាន់ រតនា​ ដែល​គេ​ស្គាល់​​ថា​ជា​ម្ចាស់​ក្លិប​ ​«សិល្បៈ»ទើប​​​ធ្វើ​បាន​កំណត់​ត្រា​ល្អ​​ឯក​​តំណាង​ឲ្យ​កម្ពុជា​​លើ​សង្វៀន​ ONE: DREAM OF GOLD ​នា​ប្រទេស​ថៃ​​​កាល​ពាក់​កណ្ដាល​ខែ សីហា ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​​ឈ្នះ​​កីឡាករ​ធ្លាប់​​ប្រកួត​នៅ​​ព្រឹត្តិការណ៍​អូឡាំពិក​​សញ្ជាតិ​គុយបា​ ​Gustavo Balart ​​ដោយ​ពិន្ទុ​ជា​​​ឯកច្ឆន្ទ។

«​យើង​បាន​រៀប​ចំ​​ហ្វឹកហាត់​ផ្ដោត​លើ​ការ​ប្រកួត​យ៉ាង​ល្អ​ និង​ ហាត់​ភាព​អំណត់​ដើម្បី​ឲ្យ​ ចាន់ រតនា​ ​អាច​មាន​​កម្លាំង​ស៊ុហ្វ​រហូត​ដល់​ចប់​ទឹក។ ​រតនា ជា​​កីឡាករ​គុន​ចម្រុះ និង គុន​ខ្មែរ​ល្អ​បំផុត​​តំណាង​ឲ្យ​កម្ពុជា​ក្រោយ​ឈ្នះ​ ៣ ​លើក​ជាប់​គ្នា​លើ​ឆាក​អន្តរជាតិ។ ​គេ [រតនា​] ​បាន​ឈាន​ដល់​កម្រិត​ល្អ​មួយ​ទៀត​នៃ​គុន​ចម្រុះ​សម្រាប់​កម្ពុជា និង​​ត្រូវ​បន្ត​អភិវឌ្ឍ​​ខ្លួន​បន្ថែម​ទៀត»។ ​នេះ​ជា​ការ​​​​បង្ហើប​រឿង​ក្នុង​ចិត្ត​របស់​គ្រូ​បង្វឹក​ ​​Lorenzo Lanzafame។

វីដេអូ ចាន់ រតនា ឈ្នះ Balart :

https://www.onefc.com/videos/gustavo-balart-vs-chan-rothana/

គ្រូ​បង្វឹក​​សញ្ជាតិ​អ៊ីតាលី​​ក៏​​ថ្លែង​អំណរ​គុណ​ដល់​​អ្នក​គាំទ្រ,​ អ្នក​ពាក់​ពាក់ព័ន្ធ,​ និង​ ស្ថាប័ន​ ONE ​ដែល​ធ្វើ​​​ឲ្យ​​​អ្នក​តាម​ដាន​ជុំ​វិញ​ពិភព​លោក​ស្គាល់​គុន​ខ្មែរ​កាន់​តែ​ច្បាស់​​តាម​រយៈ​​ក្បាច់​ម៉ាត់​ ​និង ក្បាច់​ទាត់​របស់​ចាន់​ រតនា។ ​រតនា ​បាន​​រៀប​ចំ​គម្រោង​បាន​ល្អ​ណាស់​ ​ត​ទល់​នឹង Balart ដែល​មាន​កម្លាំង​ដៃ​ខ្លាំង​ ​និង ពូកែ​ខាង​ចំបាប់​ទៀត​ផង​ ហើយ ​កីឡាករ​គុយ​បា​តែង​តែ​ព្យាយាម​ចាប់​បោក​ជា​ច្រើន​សារ​ប៉ុន្តែ ​រតនា ​​ក៏​​​ជំនាញ​ក្នុង​ការ​ដោះ​ឃ្លេ​ដែរ។

លោក​បញ្ជាក់​ថា៖«​ Balart ​ដ្បិត​ទាប​បន្តិច​ ប៉ុន្តែ​គេ​មាន​កម្រិត​ខ្ពស់​ និង​បទ​ពិសោធន៍​​ច្រើន។​ រតនា អាច​​ការពារ​​ខ្លួន​ដោយ​បោះ​​កណ្ដាប់​ដៃ​ ជង្គង់ និង ​កែង​ រួម​ទាំង​​​ទប់​​មិន​​ឲ្យ​ Balart ​ បោក​ច្រើន​ផង។ ​វា​មិន​ងាយ​ស្រួល​ទេ ហើយ ​គូ​ប្រកួត​ដែល​អាច​ជួប​លើក​ក្រោយ​ក៏​រឹត​តែ​​ល្អ​ទៅ​ទៀត»។ ​

​​​គ្រូ​បង្វឹក​មក​ពី​ LLFitness ​​​​​និង ​​ក្រុម​គ្រូ​បង្វឹក​ផ្សេង​ទៀត​ ដូច​ជា​លោក​ ​ខូវ វិវឌ្ឍនា ,គ្រូ​​បង្វឹក​​ Sov , គ្រូ​បង្វឹក​ ​ Jeppe និង Charles ​បាន​ដាក់​គោល​ដៅ​បង្វឹក​ ចាន់ រតនា ​ឲ្យ​កាន់​តែ​ល្អ​ទ្វេ​ដង​បន្ថែម​​ទៀត​ក្នុង​គោល​​​ដៅ​​​ចូល​រួម​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​​ ដែល​អាច​​កើត​មាន​នា​ពេល​ខាង​មុខ។ ​លោក​ ​​Lorenzo សង្កត់​ធ្ងន់​ថា៖«គោល​ដៅ​របស់​យើង​ គឺ ​ចង់​​​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់ និង​ប្រជែង​ខ្សែ​ក្រវាត់​ទៅ​ថ្ងៃ​អនាគត​ខ្លី​ខាង​មុខ។ យើង​មិន​បញ្ឈប់​ត្រឹម​ហ្នឹង​ទេ»។

​​ស្ថិត​ក្នុង​វ័យ​៣៣​ឆ្នាំ​ ចាន់ រតនា ​មាន​កំណត់​ត្រា​លើ​សង្វៀន​គុន​ចម្រុះ​​ដោយ​​ឈ្នះ​ ៧ លើក និង ចាញ់​ ៣ លើ។ ​កំណត់​ត្រា​ល្អ​បំផុត​ ​គឺ​ឈ្នះ​ ៣​លើក​ចុង​ក្រោយ​នៅ​សង្វៀន​​ពិភព​លោក​ ONE ​ដូច​ជា​វ៉ៃ កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ ​Abrou Fernandes ​​​ ​និង​ Rudy Agustian ​ឲ្យ​ចុះ​ចាញ់​ ​មុន​ឈ្នះ​ពិន្ទុ Gustavo Balart។ ​ ​

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT