បឹងកេត ចង់ឈ្នះព្រះខ័នរាជ ដើម្បីរក្សាសង្ឃឹមប្រជែងជើងឯកលីគកំពូលកម្ពុជា

ជំនួបពានរង្វាន់ Metfone Cambodian League 2019 សប្ដាហ៍ទី ២១ ទល់នឹងព្រះខ័នរាជស្វាយរៀង ត្រូវបានគ្រូបង្វឹកបឹងកេត​ លោក​ ហៅ សុជាតិ ចាត់ទុកជាការប្រកួតសំខាន់បំផុត ដែលត្រូវការជ័យជម្នះជាដាច់ខាត ដើម្បីបន្តដង្ហើមប្រជែងជើងឯករដូវកាលនេះ។

«យើងដឹងហើយថា គេកំពុងឈរកំពូលតារាង ហើយដាច់ពិន្ទុយើងច្រើនទៀត អញ្ចឹងហើយប្រកួតនេះពិតណាស់ ថាជាការប្រកួតមួយដ៏សំខាន់បំផុតសម្រាប់បន្ដដង្ហើម ដើម្បីប្រជែងជើងឯកបន្ដទៀត។ វាជាការប្រកួតមួយ ដែលពួកយើងគិតថា នឹងតាងតឹងទោះលេងក្នុងទឹកដីយើងក៏ដោយ តែយើងនឹងព្យាយាមធ្វើឲ្យបានល្អ»។

រំឭកដល់ការប្រកួតស្មើទល់នឹងវិសាខាកាលសប្ដាហ៍ទី ២០ គ្រូបង្វឹកដដែលបង្ហើបថា ក្រុមបានយកចំនុចខ្វះខាតពីការប្រកួតនោះ មកកែប្រែឲ្យកាន់តែប្រសើរមុនជួបព្រះខ័នរាជ ពិសេសការរក្សាបាល់ និងលឿនបម្រែបម្រួលពេលប្ដូរពីប្រយុទ្ធមកការពារ។

នាម៉ោង​៣:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី២៤​ សីហាខាងមុខនេះ បឹងកេតនឹងបើកទ្វារកីឡដ្ឋាន Cambodia Airways ទទួលភ្ញៀវកំពូលតារាងព្រះខ័នរាជស្វាយរៀង ដើម្បីតតាំងដណ្ដើម៣ពិន្ទុដ៏សំខាន់ ដែលការប្រកួតដ៏ធំនេះមានផ្សាយផ្ទាល់លើ BTV ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT