Ronaldo ថា​ចង់​ណាត់​បាយ​ល្ងាច​មួយ​ពេល​ជាមួយ Lionel Messi

Cristiano Ronaldo បាន​សរសើរ​ដល់ Lionel Messi ថា​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ក៏​ជា​ចំណែក​មួយ​ដែល​បាន​ជួយ​ឲ្យ​ខ្លួន​ក្លាយ​ខ្លួន​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប និង​លោក​ពិត​ជា​មាន​បំណង​ចង់​បរិភោគ​អាហារ​ពេល​ល្ងាច​រួម​គ្នា​ក្នុង​ថ្ងៃ​ខាង​មុខ។

នា​កិច្ច​សម្ភាសន៍​ជាមួយ TVI តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​គោរព​ដល់​អាជីព​ដែល​ Messi សម្រេច​កន្លង​មក ដោយ​គាត់​ក៏​ធ្លាប់​បាន​និយាយ​ថា​ជួប​បញ្ហា​ខ្លះ​ពេល​ខ្ញុំ​ចាកចេញ​ពី​អេស្ប៉ាញ ព្រោះ​គាត់​ពេញ​ចិត្ត​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​ខ្ញុំ”។

លោក​បន្ត៖ “វា​ជា​ការ​តតាំង​ដ៏​ល្អ​មួយ​ក្នុង​វិស័យ​បាល់ទាត់ មិន​ខុស​ពី Michael Jordan មាន​គូ​ប្រជែង​ក្នុង​វិស័យ​កីឡា​បាល់បោះ ស្រប​ពេល Ayrton Senna និង Alain Prost ជា​គូ​ប្រជែង​ដ៏​ល្អ​ក្នុង​ការ​ប្រណាំង​រថយន្ត Formula 1 ​ពោល​គឺ Messi ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា​កីឡាករ​កាន់​តែ​ប្រសើរ​មួយ​រូប”។

បង្វែរ​ដល់​ការ​ណាត់​ជួប​គ្នា កីឡាករ​វ័យ ៣៤ ឆ្នាំ​សង្កត់​ធ្ងន់៖ “ខ្ញុំ​ក៏​មាន​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​រវាង Messi ព្រោះ​យើង​បាន​ចែករំលែក​ពេលវេលា​ប្រហាក់ប្រហែល​គ្នា​អស់ ១៥ ឆ្នាំ ​ដោយ​ខ្ញុំ​ធ្លាប់​សូម្បី​ម្តង​សម្រាប់​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់ ចុះ​ទៅ​ថ្ងៃ​មុខ​ហេតុអ្វី​ថា​មិន​អាច​នោះ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទេ​សម្រាប់​ការ​ណាត់​ជួប”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT