មិនលក់សំបុត្រហើយ បឹងកេតបន្ថែមគៀងគរមូលនិធិជួយសិស្សក្រីក្រ ទុរគតជន និងជនរងគ្រោះធម្មជាតិនានា

អំឡុងការប្រកួត Metfone Cambodian League 2019 សប្ដាហ៍ទី២០នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ រវាង បឹងកេត និង វិសាខា កាលថ្ងៃអាទិត្យទី១៨ខែសីហា ប្រិយមិត្តដែលបានទស្សនាប្រាកដជាឃើញធុងសម្រាប់បរិច្ចាគថវិកាមួយដែលមានឈ្មោះថា មូលនិធិបឹងកេត។
នៅក្នុងឱកាសនោះ ទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា១-១នោះ បានបង្ហាញទឹកចិត្តសប្បុរសតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធានិងទឹកចិត្តដល់ មូលនិធិបឹងកេត។ តើ មូលនិធិបឹងកេត ត្រូវបានបង្កើតឡើងតាំងពីពេលណា? ដើម្បីអ្វី?
លោក បែ មករា អ្នកចាត់ការទូទៅក្លិបកីឡាបាល់ទាត់បឹងកេត បានឱ្យដឹងថា មូលនិធិបឹងកេតនេះត្រូវបានបង្កើតឡើងដោយអ្នកស្រី ពុធ ធីតា និងក្រុមគ្រួសា ក៏ដូចជាលោកជំទាវ ឌិត នីតា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប ក្នុងឆ្នាំ២០១៨ ពេលពួកគាត់ចូលមកគ្រប់គ្រងក្លិបបាល់ទាត់មួយនេះ ក្នុងបំណងជួយដល់ជនខ្វះខាតនានា។
លោក មករា លម្អិតថា៖ «អ្នកស្រីប្រធានក្លិបនិងគ្រួសារ ព្រមទាំងលោកជំទាវ ឌិត នីតា ជាមនុស្សដែលមានសមានចិត្តនិងការអាណិតអាសូរយ៉ាងពិតប្រាកដចំពោះអ្នកដែលខ្វះខាតនានាក្នុងជីវភាពប្រចាំថ្ងៃ។ មែនទែនទៅ ពួកគាត់បានធ្វើសកម្មភាពសប្បុរសធម៌ជាយូរមកហើយដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ តែបន្ទាប់ពី ពួកគាត់ក្លាយជាក្រុមប្រឹក្សាភិបាលក្លិបបឹងកេត ពួកគាត់ក៏បង្កើតមូលនិធិមួយផ្លូវការ ដោយដាក់ឈ្មោះក្លិប ហើយពួកគាត់នៅតែជាអ្នកបរិច្ចាគថវិកាផ្ទាល់ខ្លួនច្រើនដដែល គ្រាន់តែពួកគាត់បើកឱកាសដល់សប្បុរសជនដទៃដែលចង់ចូលរួមឱ្យពួកគេបានចូលរួមដែរ តាមរយៈមូលនិធិបឹងកេតនេះ»។
អតីតអ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន និង Mukdahan បន្តថា៖ «មូលនិធិបឹងកេតត្រូវបានបង្កើតឡើងដើម្បីជួយដល់ក្មេងក្រីក្រ សិស្សសាលាដែលខ្វះខាតសម្ភារៈសិក្សាដូចជា សៀវភៅ ប៊ិច កាតាប សម្លៀកបំពាក់ ជាដើម។ ទុរគតជននានា ពិសេសជនរងគ្រោះដោយគ្រោះធម្មជាតិក៏ជាគោលដៅនៃជំនួយរបស់មូលនិធិបឹងកេតដែរ។ ជាក់ស្ដែងឆ្នាំមុនដែលជាឆ្នាំដំបូងនៃមូលនិធិរបស់យើង អ្នកស្រីប្រធានក្លិបបាននាំកីឡាករ គ្រូបង្វឹក និងបុគ្គលិកក្លិបទៅចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅកំពង់ចាម និងក្មេងៗដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិជាដើម»។
សម្រាប់លោកអ្នកដែលចង់ចូលរួមចំណែកបរិចាគធនធានចូលក្នុងមូលនិធិបឹងកេត លោកអ្នកអាចបរិច្ចាគធនធានទាំងនោះនៅក្នុងធុងមូលនិធិពេលបឹងកេតប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ឬទាក់ទងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្លិប គឺ Boeung Ket Football Club ឬតាមលេខទូរសព្ទដែលមានលើផេកនោះ៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT