ក្រុម Barcelona បានដាក់សំណើដំបូងដើម្បីខ្ចីជើង Neymar ពីក្រុម PSG ១រដូវកាលសិន មុនពេលទិញយកដាច់តែម្ដងនៅរដូវកាលក្រោយ។
សំណើខាងលើ ត្រូវបានក្លឹប PSG ច្រានចោលទៅហើយ។ ការច្រានចោលនេះ គឺដោយសារតែសំណើខ្ចីជើង បូករួមជាមួយការទិញដាច់ក្រោយចប់ការខ្ចីជើង មានតម្លៃត្រឹមតែ១៥០លានអឺរ៉ូប៉ុណ្ណោះ។ ដោយឡែកខាង PSG វិញ ពួកគេត្រូវការដល់២៥០លានអឺរ៉ូ ហើយត្រូវធានា១០០%ថា ក្រុម Barcelona នឹងយក Neymar បើទោះជាមានអ្វីកើតឡើងក៏ដោយ ក្រោយចប់រដូវកាលនេះ។
កត្ដានេះហើយ ទើបធ្វើឱ្យការដាក់ស្នើខ្ចីជើងលើកដំបូងរបស់ Barcelona មិនបានសម្រេចឡើយ។ ក្លឹបទាំងពីរនឹងបន្ដការចរចាគ្នាទៀតប៉ុន្មានថ្ងៃខាងមុខ ដើម្បីរកដំណោះស្រាយសមស្រប។ មានក្លឹប២ទៀតកំពុងចាំមើលលទ្ធផលនៃការចរចាខាងលើគឺ Real Madrid និង Juventus ។ ក្លឹប២នេះ ក៏មានចិត្តចង់បាន Neymar ដែរ ប៉ុន្តែពួកគេនៅទៅតាមក្រោយ ប្រសិនបើក្រុមអ្នកមានបុណ្យមិនអាចទិញបាន៕ប្រភព៖ MACAR


