Pepe ថា​ខ្លួន​និង Arsenal ឈរ​លើ​ឆន្ទៈ​ធំ​តែ​មួយ សម្រាប់​រដូវ​កាល ២០១៩/២០

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​ Arsenal គឺ Nicolas Pepe ​ហាក់​ពេញ​ចិត្ត​និង​រីករាយ​ជា​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Unai Emery សម្រាប់​រដូវ​កាល​ដំបូង​នៅ​ទ្រនំ​ថ្មី​នៃ​ទឹក​ដី​ Emirate Stadium។

បុរស​វ័យ ២៤ ឆ្នាំ​ដែល​ត្រូវ​បាន Arsenal ជះ​លុយ​ធំ​នាំ​យក​កាល​ពី​រដូវ​ក្តៅ​បញ្ជាក់​ប្រាប់​ថា៖ “វា​ពិត​ជា​រឿង​ល្អ​ព្រោះ​លោក Emery គាត់​និយាយ​បារាំង​ហើយ​កាន់​តែ​ងាយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង”។

អតីត​កីឡាករ​នៅ Lyon បន្ថែម៖ “ខ្ញុំ​ជា​កីឡាករ​ថ្មី បែប​នេះ​ទាំង​តិចនិក​និង​យុទ្ធសាស្រ្ត​គឺ​ថ្មី​ដូច​គ្នា ដោយ​ពេល​នេះ​ខ្ញុំ​ត្រូវ​សិក្សា​ភាសា​អង់គ្លេស ហើយ​វា​ក៏​ជា​អ្វី​ដែល​គាត់​បាន​ជួយ​ខ្ញុំ​បន្ថែម​ទៀត​ផងដែរ ដោយ​កាល​ដែល​ខ្ញុំ​ជ្រើស​មក​ទី​នេះ​ក៏​ដោយ​សារ​នេះ​ជា​ក្លឹប​ដែល​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា ពោល​គឺ​ពួក​គេ​ក៏​មាន​ក្តី​ស្រមៃ​ចង់​វិល​ត្រលប់​ទៅ Champions League”។

កីឡាករ​បារាំង​បញ្ចប់៖ “ខ្ញុំ​ក៏​មាន​ក្តី​ស្រមៃ​ចង់​ឈ្នះ Europa League ដែល​វា​សុទ្ធ​សឹង​ជា​គោលដៅ​រួម​តែ​មួយ​ជាមួយ​នឹង​ក្លឹប ដោយ​ឡែក​សម្រាប់​ការ​លេង​នៅ Premier League ខ្ញុំ​គិត​ថា​នេះ​ជា​លីគ​ដ៏​ល្អ​ដាច់​គេ​ក្នុង​លោក”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT