Ronaldo ថា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​ដល់​រយ​លាន​នៅ​ពេល​បច្ចុប្បន្ន

Cristiano Ronaldo ​បាន​ចោទ​សួរ​ជា​ចម្ងល់​ថា​តើ​កីឡាករ​មាន​តម្លៃ​ខ្លួន​ទាំង​រយ​លាន​នៅ​ពេល​បច្ចុប្បន្ន​នេះ តើ​សក្តិសម​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​សម្រេច​ដែរ​ឬ​ទេ។ ការ​មើល​ឃើញ​ពី​ស្ថានភាព​ទីផ្សារ​ដោះដូរ​នៅ​ពេល​បច្ចុប្បន្ន ហាក់​ធ្វើ​ឲ្យ CR7 មាន​ការ​មិន​ពេញ​ចិត្ត តែ​បែប​ណា​មិញ​ក៏​នៅ​តែ​ទទួល​យក​ដោយ​ក្តី​គោរព។

Ronaldo ដែល​បំបែក​កំណត់ត្រា​តម្លៃ​ខ្លួន​នៅ​ឆ្នាំ ២០០៩ តាម​រយៈ​ការ​ចាកចេញ​ពី Man Utd មក​ Real Madrid ជាមួយ​ថ្លៃ​ខ្លួន ៩៤ លាន​អឺរ៉ូ និង​ឡើង​បាន ១០០ លាន​អឺរ៉ូ​ពេល​ទៅ​ចូលរួម​នៅ Juventus ​បាន​ប្រាប់ TV1 ថា៖ “វា​ពិត​ជា​លំបាក​ក្នុង​ការ​គណនា​តម្លៃ​ខ្លួន​នា​បាល់ទាត់​សម័យ​ទំនើប”។

លោក​បន្ត៖ “ដក​រឿង Joao Felix ចេញ​ទៅ​ផ្នែក​មួយ ដោយ​កីឡាករ​គ្រប់​រូប​ទាំង​អស់​អាច​មាន​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ ដោយ​ពុំ​ចាំ​បាច់​បង្ហាញ​អ្វី​ទាំង​អស់ ទាំង​ខ្សែ​ការពារ​កណ្តាល​និង​អ្នកចាំទី​អាច​បាន​តម្លៃ​ខ្លួន​ដល់​ ៧០​ ទៅ ៨០ លាន​អឺរ៉ូ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​មិន​យល់​ស្រប​លើ​រឿង​នេះ​ទេ តែ​នេះ​វា​ជា​ពិភព​ដែល​យើង​កំពុង​រស់​នៅ​ជាមួយ បែប​នេះ​អ្នក​ត្រូវ​តែ​គោរព”។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT