ចាន់ សំអាត​ កែ​ប្រែ​ពី​ក្មេង​​​ញៀន​ថ្នាំ ​ទៅ​ជា​កីឡាករ​​ប្រដាល់​​និង​គុន​ចម្រុះ​លេច​ធ្លោ​នៅ​កម្ពុជា

ខ្សែ​ជីវិត​របស់​ ចាន់​ សំអាត ​​​​ច្បាស់​ជា​មាន​​អ្នក​គាំទ្រ​ជា​ច្រើន​មិន​នឹក​ស្មាន​ដល់។​ ចាន់ សំអាត​បាន​កែ​ប្រែ​ខ្លួន​ពី​ក្មេង​ធ្លាប់​ជក់​គ្រឿង​ញៀន​ជោកជាំ​ និង​ ​​ជា​ក្មេង​ជើង​កាង​​ ទៅ​ជា​កីឡាករ​​គុន​ចម្រុះ​និង​ប្រដាល់​គុន​ខ្មែរ​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​ សំអាត ​ដែល​​មាន​​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE     ​​​ជា​ច្រើន​ដង​​​បាន​គូស​​បញ្ជាក់​ថា​៖«​ពេល​ខ្ញុំ​​អាយុ​ប្រហែល​ ​១៥, ១៦, ១៧ ឆ្នាំ ​​ខ្ញុំ​វក់​នឹង​ការ​ជក់​គ្រឿង​​ញៀន​​ជា​មួយ​មិត្តភ័ក្ដិ​ជា​ច្រើន​នៅ​ស្រុក​កំណើត​នៅ​អន្លង់​វែង។ ​កាល​ហ្នឹង ​​ខ្ញុំ​បាន​ឈប់​រៀន​ ។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧។ ​មិន​ត្រឹម​​​តែ​ប៉ុណ្ណឹង​ ​ខ្ញុំ​ដើរ​ប៉ោឡែ​ ជើង​កាង​នៅ​​ភូមិ​ទៀត​ផង»។

ការ​បណ្ដោយ​ខ្លួន​​មួយ​ខ្យល់​​​បែប​នេះ​ក្រោយ​​ឳ​ពុក​ទទួល​មរណភាព​អំឡុង​ឆ្នាំ​ ២០០២​ ​ និង​​​បន្សល់​​ទុក​ម្ដាយ​​និង​បង​ប្អូន​​ប្រុស​ស្រី​ ៣​នាក់​គ្មាន​ទី​ពឹង​​ដូច​មុន។ ​សំអាត ​បាន​ក្លាយ​ជា​​ក្មេង​ដើរ​លេង​គ្មាន​គោល​ដៅ​ ​បន្ទាប់​ពី​ឈប់​រៀន។ ​យ៉ាង​ណា​ក្ដី​ មិត្តភ័ក្ដិ​ដែល​ធ្លាប់​សេព​គប់​ជា​មួយ​គ្នា​ពី​មុន​ គឺ ​​ផ្ដាច់​អស់​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​តែង​តែ​អប់រំ​​អ្នក​ស្គាល់​គ្នា​ ឬ ​​អ្នក​ជំនាន់​ក្រោយ​​មិន​ឲ្យ​ប៉ះ​ពាល់​ ​គ្រឿង​ញៀន​ព្រោះ​ជា​អំពើ​ខុស​ច្បាប់ និង​ ​នាំ​ឲ្យ​ខូច​ខ្លួន​ទៀត​ផង។

បុរស​មក​ពី​ស្រុក​អន្លង់​វែង​រំលឹក​ថា៖«​ពេល​ខ្ញុំ​ចូល​ហាត់​​ប្រដាល់​អំឡុង​ឆ្នាំ ២០០៨ ក៏​មិន​ទាន់​ដាច់​ទាំង​ស្រុង​​ដែរ​ តែ​​នៅ​ជក់​យូរៗ​ម្ដង។ ​​រហូត​បន្ត​បន្ទាប់​មក​ទៀត​ ទើប​ផ្ដាច់​បាន​រហូត​ដល់​បច្ចុប្បន្ន​ ហើយ​លែង​គិត​អំពី​វា​​ទៀត​ និង ​នៅ​ឆ្ងាយ​​ពី​វា​ ពេល​ខ្ញុំ​ជួប​អ្នក​​ល្អៗ​នៅ​ជុំ​វិញ​ខ្លួន។ ពី​មុន​ខ្ញុំ​ក៏​ជក់​បារី​ខ្លាំង​ដែរ។ តែ​​ឥឡូវ​ផ្ដាច់​បាន​អស់​ហើយ។ ​ប៉ុន្តែ​​ខ្ញុំ​អត់​សូវ​ចេះ​ផឹក​ស្រា​ទេ»។ ​សំអាត គូស​បញ្ជាក់​ថា៖«​​​​ការ​ផ្ដាច់​រឿង​អបាយមុខ​​នេះ​អាស្រ័យ​លើ​ចិត្ត​យើង​ដែរ។ ទាល់​តែ​យើង​​​ខំ​កាត់​វា​ ហើយ​គិត​ថា​អត់​ប្រយោជន៍​ទើប​ ​ផ្ដាច់​បាន»។

​ចាន់ សំអាត​ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​កីឡា​គុន​ចម្រុះ​វ៉ៃ​ដាក់​ទ្រុង​វគ្គ​៣​ ​ឬ​ហៅ​ថា​​ Khmer Warrior Challenge ​​រៀប​ចំ​ដោយ​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន​ និង MyTV ​កាល​ឆ្នាំ​ ២០១៤។ ​ ​មុន​ឈ្នះ​​ខ្សែ​ក្រវាត់​ សំអាត​ជា​កីឡាករ​​ចូល​ប្រមូល​ផ្ដុំ​​និង​ប្រកួត​ក្នុង​នាម​កីឡាករ​ជំនួស​តែ​ប៉ុណ្ណោះ។ ​​​ចាន់ សំអាត មាន​ឈ្មោះ​ដើម​ ធាន អាត​ មុន​ប្ដូរ​​យក​​ត្រកូល​តាម​ ខុន ស៊ីចាន់ អំឡុង​​​ឆ្នាំ​ ២០០៨ ពេល​ចូល​​ហាត់​ប្រដាល់។ ​សំអាត ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​ ONE ជា​ហូរហែ​ បន្ទាប់​ពី​បន្ត​ចូល​ហ្វឹកហាត់​នៅ​​ Cambodian Top Team ​​តាំង​ពី​ឆ្នាំ ២០១៤​ ​រហូត​ដល់​​បច្ចុប្បន្ន​​ជា​មួយ​លោក ហ៊ុន ច័ន្ទរាជ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT