[ផ្លូវការ] Bayern ខ្ចី​ជើង Coutinho បាន​ហើយ ចុះ​បើ​ចង់​ទិញ​ផ្តាច់​ត្រូវ​ចាយ​ប៉ុន្មាន?

ក្លឹប Bayern Munich ​បាន​ចុះ​ហត្ថលេខា​ផ្លូវការ​ជាមួយ​ការ​មក​ដល់​របស់ Philippe Coutinho លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ចេញ​ពី​ក្លឹប FC Barcelona នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​រយៈ​ពេល ១ ឆ្នាំ។ កីឡាករ​ប្រេស៊ីល​បាន​ក្លាយ​ជា​អ្នក​ជំនួស​គោលដៅ Leroy Sane ដែល​ក្លឹប​អាល្លឺម៉ង់​ចង់​បាន តែ​ចៃដន្យ​ត្រូវ​ជួប​បញ្ហា​របួស។

សម្រាប់​ក្លឹប Bayern Munich ក៏​មាន​សិទ្ធ​ទិញ​ផ្តាច់​ Coutinho ដែល​ត្រូវ​ផុត​កុងត្រា​ខ្ចី​ជើង​នា​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២០ លើ​តម្លៃ​ខ្លួន​ប្រមាណ ១២០ លាន​អឺរ៉ូ។ ជាង​នេះ Bayern ​ត្រូវ​ចំណាយ​ប្រមាណ ៨,៥ លាន​អឺរ៉ូ​សម្រាប់​ការ​ផ្ទេរ​ចេញ​នេះ។

ជជែក​ដល់​ការ​ផ្លាស់​ចូល​របស់ Coutinho ​នាយក​ប្រតិបត្តិ​លោក Karl-Heinz Rummenigge ​បាន​និយាយ​ថា៖ “យើង​បាន​ដុតដៃដុតជើង​ក្នុង​ការ​នាំ​យក Coutinho មួយ​រយៈ​មក​ហើយ ពេល​នេះ​យើង​ពិត​ជា​រីករាយ​ដែល​អាច​ឈាន​ដល់​ភាព​ជោគជ័យ ហើយ​ក៏​អរគុណ​ដល់ Barcelona ដែល​បាន​យល់​ព្រម”។

លោក​បន្ត៖ “ជាមួយ​នឹង​ភាព​ប៉ិនប្រសព្វ​និង​ជំនាញ​របស់ Coutinho រូប​គេ​នឹង​ក្លាយ​កីឡាករ​មួយ​រូប​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​យើង​បាន”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT