ក្រុមការពារតំណែងជើងឯក PSG បានបរាជ័យក្រោមថ្វីជើងក្រុម Rennes ក្នុងលទ្ធផល ២-១ នាសប្ដាហ៍ទី២លីគកំពូលបារាំង។
សម្រាប់ការប្រកួតនេះក្រុម PSG បានដាក់ជើងកីឡាករពេញតែម្ដង ដោយអវត្តមានតែ Neymar ដែលកំពុងមានចិត្តចង់ចាកចេញពីក្រុមតែប៉ុណ្ណោះ។ ក្រុមការពារតំណែងជើងឯក PSG ជាអ្នករកបានគ្រាប់បាល់មុន ដោយ Cavani ធ្វើបានសម្រេចនៅនាទី៣៦ តែក៏ត្រូវ Niang របស់ក្រុម Rennes តាមបានស្មើវិញភ្លាមៗនៅនាទី៤៤។ ចូលដល់ដើមតង់ទី២ នាទី៤៨ Castillo ក៏ថែមបាន១គ្រាប់ទៀតឱ្យក្រុមម្ចាស់ផ្ទះនាំមុខ PSG វិញ ២-១។ ពេលវេលានៅសេសសល់ទាំងអស់ ក្រុម PSG ព្យាយាមវាយសម្រុកវិញដែរ ប៉ុន្តែមិនមានគ្រាប់បាល់ណាមួយកើតឡើងទេ។ ចប់ការប្រកួត Rennes ឈ្នះ PSG ២-១។
ក្រុម PSG ឈឺចាប់ដោយសារក្រុម Rennes នេះម្ដងមកហើយ កាលលេង Coupe de France នៅវគ្គផ្ដាច់ព្រ័ត្រ។ ខណៈដែលប៉ះគ្នានៅលីគ នេះ ក្រុមរបស់លោក Thomas Tuchel នៅតែមិនអាចសងសឹកបានដដែល៕ប្រភព៖ Dailymail