អាហ្សង់ទីន កំពុងរងសម្ពាធពីអ្នកគាំទ្រ ប្រសិនបើពួកគេមិនអាចឆ្លងផុតពូលនៃព្រឹត្តិការណ៍ World Cup 2018 ដែលធ្វើឡើងនៅប្រទេសរុស្ស៊ីនេះបាន។
ស្របពេលដែលពួកគេរកបានត្រឹម១ពិន្ទុពីក្រុមអ៊ីស្លង់ ក្នុងប្រកួតបើកឆាក ហើយត្រូវតតាំងជាមួយក្រុមក្រូអាតទៀតនារាត្រីនេះ។ អាហ្សង់ទីន ប្រសិនបើពួកគេបរាជ័យឬបានត្រឹមស្មើនោះ ការឡើងទៅវគ្គបន្ដរបស់ពួកគេ អាចនឹងប្រឈមមុខខ្លាំងក្នុងការប្រកួតចុងក្រោយ ខណៈដែលបើឈ្នះវិញ នោះវានឹងងាយស្រួលបន្ដិចសម្រាប់ប្រកួតបន្ទាប់។
ជាមួយគ្នានេះដែរ Maradona អតីតគ្រូបង្វឹកនិងជាកីឡាករឆ្នើមបំផុតរបស់អាហ្សង់ទីន បាននិយាយដែរថាប្រសិនបើអាហ្សង់ទីនមិនអាចឆ្លងផុតពូលបាន នោះវាជារឿងអាម៉ាស់ខ្លាំងណាស់ក្នុងព្រឹត្តិការណ៍ World Cup នេះ។ លោក Jorge Sampaoli គ្រូបង្វឹកអាហ្សង់ទីន មិនសមចូលប្រទេសទៀតទេ ប្រសិនបើលោកមិនអាចនាំអាហ្សង់ទីនឡើងវគ្គបន្ដ។
Maradona បានបញ្ជាក់ទៀតថា ការស្មើអ៊ីស្លង់ មិនមែនជាកំហុសរបស់ Messi តែម្នាក់នោះទេ។ សមាជិកក្រុមទាំងមូលត្រូវមានភាពទទួលខុសត្រូវ។ បាល់ទាត់បើពឹងតែលើ Messi នោះ ក្រុមទាំងមូលនឹងមិនជោគជ័យឡើយ។ អាហ្សង់ទីន ត្រូវសហការគ្នាឱ្យបានល្អបំផុតសម្រាប់ប្រកួតទល់ក្រុមក្រូអាតយប់នេះ៕ប្រភព៖ DailyMail