នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ព័ត៌មានមួយទាក់ទងនឹងអតីតកីឡាករជម្រើសជាតិឡាវ Soukaphone Vongchiengkham ដែលត្រូវបានអ្នកគាំទ្រឡាវស្គាល់ថាជា Messi ឡាវ នោះ ត្រូវបានក្លិប Sisaket FC ស្ថិតនៅលីគទីពីរថៃ ព្រមព្រៀងយកទៅចូលរួមហើយ។
បើតាមការឲ្យដឹងពីគេហទំព័ររបស់ក្លិប Messi ឡាវ នឹងត្រូវជួយក្លិប Sisaket FC ក្នុងជើងទីពីរនៃការប្រកួតលីគទីពីរថៃ រហូតដល់ចប់រដូវកាល ។
គួរបញ្ជាក់ថា Soukaphone Vongchiengkham មិនមានក្លិបចាប់តាំងពីចប់ឆ្នាំ ២០១៦ មក គ្រាដែលក្លិបរបស់ខ្លួន Lanexang United ប្រកាសក្ស័យធន និងបិទទ្វារ ។ តែក្រោយមកក៏បានដឹងថារូបគេចូលរួមជាមួយនឹងក្លិបចំណូលថ្មីរបស់លីគកំពូលឡាវ គឺ Vientiane United បាន ១រដូវកាលផងដែរ ។
នេះគឺជាវត្តមានថ្មីមួយសម្រាប់រូបគេ ដែលទទួលស្គាល់ថាជាកីឡាករល្អមួយរូបក្នុងក្រុមជម្រើសជាតិ ខណៈដែលគេធ្លាប់ឈ្នះពាន MVP ក្នុងលីគ និង MVP ក្នុងពាន Toyota Mekong Championship 2017 ដែលកាលនោះជួយ Lanexang United ទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ។
នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រប្រទេសឡាវ ស្របពេលដែលពានរង្វាន់ AFF Suzuki Cup 2018 នឹងចូលមកដល់នៅខែវិច្ឆិកា ខាងមុខនេះហើយ ដែលឡាវស្ថិតក្នុងពូល A រួមជាមួយ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង កម្ពុជា ៕