ក្រោយបញ្ចប់ការប្រកួតនៅលទ្ធផល ៣-០ ទល់ក្លឹប Nimes នៅជុំដំបូងនៃ Ligue 1 កាលពីយប់មិញ ខ្សែបម្រើស្លាប Marco Verratti បានលើកឡើងសារជាថ្មីជុំវិញអនាគតរបស់ Neymar ជាមួយនឹងក្លឹប PSG។
និយាយប្រាប់សារព័ត៌មាន ខ្សែបម្រើរូបនេះប្រាប់ថា៖ “ខ្ញុំសង្ឃឹមថារឿងរ៉ាវនឹងដោះស្រាយចប់ឲ្យបានរហ័សបំផុត ខណៈដែលទំនាក់ទំនងរវាងយើងនិង Neymar នៅតែល្អ ត្បិតមានរឿងអ្វីផ្លាស់ប្តូរទៅថ្ងៃមុខក៏ដោយ”។
កីឡាករអ៊ីតាលីបន្ថែមថា៖ “ប្រសិនអ្នកសួរក្រុមទាំងមូល គ្មានកីឡាករណាដែលថាមិនចង់បាន Neymar នៅក្នុងក្រុមជាមួយទេ ប៉ុន្តែបាល់ទាត់យើងមិនដឹងថាមានរឿងអ្វីអាចកើតឡើងទៅបានឡើយ ថ្ងៃនេះគាត់នៅជាមួយយើង យើងពិតជារីករាយជាមួយគាត់”។
កីឡាករវ័យ ២៦ ឆ្នាំសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាប្រសិនកីឡាករចង់ចាកចេញ នៅទីបញ្ចប់គេនៅតែរិះរកផ្លូវចេញទល់តែបាន បែបនេះក្លឹបគួរតែបើកផ្លូវឲ្យគេទៅ ហើយមើលតាមតម្រូវការផ្នែកហិរញ្ញវត្ថុដែលក្លឹបចង់បាន”។ ប្រភព៖ AF