U18 កម្ពុជា ប៉ះក្រុមការពារតំណែងជើងឯកម៉ាឡេស៊ី ពាន AFF U18 រសៀលនេះ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងត្រូវប៉ះក្រុមឈ្នះជើងឯកឆ្នាំមុន ម៉ាឡេស៊ី ក្នុងពាន AFF U18 Championship នារសៀលម៉ោង៣:៣០នាទីថ្ងៃទី១១ ខែសីហានេះ នៅកីឡដ្ឋាន Thành Long Stadium។

ឆ្លងកាត់២ប្រកួតដំបូងនេះ ក្រុមទាំង២ឈ្នះ១ចាញ់១ដូចគ្នា។ កម្ពុជា ចាញ់អូស្ត្រាលី ៥-១ និងឈ្នះថៃ ៤-៣ ចំណែកម៉ាឡេស៊ី ចាញ់វៀតណាម ១​-០ និងឈ្នះសិង្ហបុរី ៣-១។ ការប្រកួតរសៀលនេះ បើកម្ពុជាឈ្នះនឹងឡើងទៅឈរលេខ៣​ ខណៈម៉ាឡេស៊ីនឹងធ្លាក់មកលេង៤។

មតិគ្រូបង្វឹកទាំង២ គ្មានអ្វីក្រៅពីធ្វើឲ្យបានល្អបំផុតនោះឡើយ។ ប៉ុន្តែមុនការប្រកួតចាប់ផ្តើម កម្ពុជា មិនស្ថិតក្នុងការព្រួយបារម្ភពីក្រុមនានាក្នុងពូលឡើយ។ ជាក់ស្តែង គ្រូម៉ាឡេស៊ី ថាថៃវៀតណាមអូស្ត្រាលីទេ ដែលជាចំណុចពិបាកខ្លាំង។ យ៉ាងណាក្តី បន្ទាប់ពីឈ្នះថៃ ជឿជាក់ថាក្រុមទាំងអស់នឹងបង្កើនការប្រយ័ត្នចំពោះក្រុមគោព្រៃ។

ខ្សែប្រយុទ្ធ សៀង ចន្ធា ស្ថិតក្នុងខ្សែភ្នែកអ្នកគាំទ្រកម្ពុជា បន្ទាប់ពីបង្ហាញខ្លួន២ប្រកួតដំបូងនេះ គេរកបានដល់ទៅ៣គ្រាប់ ពិសេសគឺក្នុងជំនួបទល់ថៃ ដែលគេត្រឹមកីឡាករប្តូរចូលហើយរកបានដល់ទៅ២គ្រាប់។

ក្រៅពីគូនេះ ក៏មានការប៉ះគ្នារវាង អូស្ត្រាលី និង ថៃ ម៉ោង៤:៣០នាទី និងសិង្ហបុរីប៉ះវៀតណាម ម៉ោង៧:៣០នាទី។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT