ខ្សែបម្រើម៉ារ៉ុក បញ្ជាក់ថាអាជ្ញាកណ្ដាលបានសុំអាវ Ronaldo ក្រោយចប់ការប្រកួត

Nordin Amrabat ខ្សែបម្រើរបស់ជម្រើសជាតិម៉ារ៉ុក បានបញ្ជាក់ថាអាជ្ញាកណ្ដាល Mark Geiger បានសុំអាវរបស់ Cristiano Ronaldo ក្រោយពីចប់ការប្រកួតកាលពីយប់មិញនេះ។

ក្រុមម៉ារ៉ុក បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2018 នេះហើយ បន្ទាប់ពីបរាជ័យ២ប្រកួតជាប់គ្នាកាលពីយប់មិញនេះ។ ក្រោយចប់ការប្រកួតជាមួយព័រទុយហ្គាល់ កីឡាករ Amrabat ដែលជាសមាជិកម្នាក់របស់ម៉ារ៉ុក បាននិយាយថាខ្លួនបានដឹងថាអាជ្ញាកណ្ដាលបានទៅសុំអាវរបស់ Ronaldo តាំងពីចប់តង់ទី១ម្ល៉េះ។ រឿងមួយនេះ មិនគួរឱ្យកើតមានសោះ ព្រោះនេះជាព្រឹត្តិការណ៍ World Cup ផង ។

“ខ្ញុំអត់ដឹងថាគាត់ពីមុនធ្វើអីទេ ប៉ុន្តែគាត់មើលទៅដូចជាចូលចិត្ត Ronaldo ណាស់ ហើយខ្ញុំបានឮ Pepe និយាយទៀតថាអាជ្ញាកណ្ដាលរូបនេះបានសុំអាវរបស់ Ronaldo នៅចប់តង់ទី១នៃការប្រកួត។ តើយើងកំពុងនិយាយពីអ្វី? នេះគឺនៅ World Cup ? វាមិនគួរឱ្យមានរឿងអីចឹងកើតឡើងសោះ”។ សម្ដីរបស់លោក Amrabat បានបញ្ជាក់បន្ថែម។

ក្រោយពីបាន៣ពិន្ទុយប់មិញនេះ ព័រទុយហ្គាល់កាន់តែមានទឹកមាត់លេបថែមទៀតហើយ ដោយពួកគេអាចនឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយបាន ប្រសិនបើប្រកួតចុងក្រោយជាមួយអឺរ៉ុង ទទួលបានលទ្ធផលឈ្នះឬស្មើ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT