ខុន ស៊ីចាន់ ​​​ ប៉ងបើកក្លិបគុនចម្រុះមួយដើម្បីជួយកីឡាករខ្មែរទៅវាយនៅ ONE

កីឡាករ​​មាន​​បទ​ពិសោធន៍​​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ និង ​អន្តរជាតិ​ ONE Championship ខុន ស៊ីចាន់ ​បាន​បង្ហើប​អំពី​មហិច្ឆតា​​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ ​​ថា​​ចង់​បើក​ក្លិប​បង្ហាត់​គុន​ចម្រុះ​​​មួយ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ស្រុក​កំណើត​​​ក្នុង​ករណី​ដែល​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ឬ​ ស្ថាប័ន​ពាក់ព័ន្ធ​​មាន​ការ​រៀប​​​​ព្រឹត្តិការណ៍​គុន​ចម្រុះ​ជា​ប្រចាំ​នៅ​ក្នុង​ស្រុក។

ខុន ស៊ីចាន់ ​ដែល​ចាប់​ផ្ដើម​​​ឡើង​​សង្វៀន​​គុន​ចម្រុះ​​​តាំង​ឆ្នាំ​ ២០១៣​ ​​បាន​គូស​បញ្ជាក់​​បែប​​​នេះ៖«​​​​ខ្ញុំ​ស្រលាញ់​ខាង​ក្បាច់​គុន​តាំង​ពី​ដើម​មក​… យើង​ចោល​​​វា​​មិន​កើត។​ ​ហើយ​បើ​មាន​គេ​ប្រកួត​គុន​ចម្រុះ​ក្នុង​ស្រុក​ដូច​គុន​ខ្មែរ​​​​ផុល​ផុស​​ ​ខ្ញុំ​​មាន​បំណង​បើក​ក្លិប​គុន​ចម្រុះ​ខ្លួន​​ឯង​មួយ​​​មើល​លទ្ធភាព​ជាក់​ស្ដែង»។

​ម្ចាស់​ខ្សែ​ក្រវាត់ ​Khmer Warriors Challenge ​​ វគ្គ​ទី​១​​​នៅ​​ឆ្នាំ​ ២០១៣​ក្នុង​​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​​បាន​រៀប​រាប់​ទៀត​ថា​ ​​គោល​​ដៅ​របស់​គេ​​ចង់​បើក​ក្លិប​ខ្លួន​ឯង​តែ​ម្ដង ​ប៉ុន្តែ​​បើ​សិន​បើ​អាច​កៀរ​គ​​រក​ដៃ​គូ​បាន​ដើម្បី​បង្កើត​​ក្លិប​​​​រឹត​តែ​ប្រសើរ​​ និង​ រៀប​ចំ​​កាន់​​តែ​​ល្អ​ជាក់​ជា​មិន​ខាន។​ ​​​បែប​ណា​​ក៏​ដោយ​នេះ​​គ្រាន់​ជា​គិត​ទុក​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ​ ប៉ុន្តែ ​បច្ចុប្បន្ន​​ បុរស​វ័យ​ ៣១​ ឆ្នាំ​រូប​នេះ​នៅ​​ចង់​ឡើង​ប្រកួត​​បន្ត​ទៀត​ ព្រោះ​នៅ​ជាប់​កិច្ច​សន្យា​ជា​មួយ​ ONE ​នៅ​ឡើយ។ ​អតីត​កូន​សិស្ស​​របស់​លោក​ ឡោ វុទ្ធី ​​កំពុង​ហ្វឹកហាត់​នៅ​​​ទី​កំណើត​របស់​ខ្លួន​​ឯ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ។ ​ស៊ីចាន់ មិន​ត្រឹម​​ហ្វឹកហាត់​ខ្លួន​ឯង​ទេ ​ប៉ុន្តែ​ថែម​ទាំង​​បង្វឹក​ក្មេងៗ​នៅ​ស្រុក​កំណើត​ដែល​ស្រលាញ់​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​ផង។

ពេល​មុន​ឡើង​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE ​​ស៊ីចាន់​​ ​​នឹង​ឡើង​មក​ហាត់​​ជា​មួយ​ គ្រូ​​បង្វឹក​ Alan Mccune ​នៃ​ក្លិប​ Phnom Penh MMA ។​ បច្ចុប្បន្ន​ ​អ្នក​លេង​គុន​ចម្រុះ​ដដែល​​រង់​ចាំ​​​គ្រូ​បង្វឹក Alan ​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​ចូល​សួត​សិន​ ទើប​ចាប់​ផ្ដើម​ហ្វឹកហាត់​​គុន​ចម្រុះ​ឡើង​វិញ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត។ ​ស៊ីចាន់ ​​សង្កត់​ធ្ងន់​ថា៖«​​ជំងឺ​របស់​គ្រូ​ខ្ញុំ​ Alan គាត់​ជិត​ជា​ហើយ។​ ​ពេល​គាត់​ [Alan] ជា​​សះ​ស្បើយ ១០០%​ ​​ខ្ញុំ​នឹង​ឡើង​មក​ហាត់​ជា​មួយ​​​គាត់​នៅ​ភ្នំពេញ​ ដើម្បី​​ខ្លួន​​ឲ្យ​កាន់​តែ​ល្អ​ឡើង និង​ ត្រៀម​ប្រកួត​នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត​»។

​អ្នក​លេង​​គុន​​​ខ្មែរ​ និង គុន​ចម្រុះ​​​​​មក​ពី​​​ស្រុក​អន្លង់​វែង​ ​​នឹង​​ខំ​ប្រឹង​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​ បន្ទាប់​ពី​​ធ្វេសប្រហែស​​ចាញ់ ​​ Rudy Agustian ​ត្រឹម​ទឹក​ទី១​ ​​ដោយ​ក្បាច់​ឃ្លេ នា​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ ONE Championship កាល​ខែ​ កុម្ភៈ​ នៅ​ប្រទេស​សិង្ហបុរី។

​ខុន ស៊ីចាន់ ​ បាន​ផ្ដើម​អាជីព​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​នៅ​ កង​ពល​ធំ​​អន្តរាគមន៍​ខេត្ត​ព្រះវិហារ​ ​ដែល​​គ្រូ​បង្វឹក​ លោក ឡោ វុទ្ធី ​ត្រូវ​ជា​បង​ប្រុស​របស់​អតីត​កីឡាករ​គុន​ខ្មែរ​ល្បី​ឈ្មោះ ឡោ សំណាង។ ​​ក្រោយ​មក​ទៀត​ ​រូប​គេ​បាន​​ចូល​ខ្លួន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​ក្បាច់​គុន​ចម្រុះ​​ប្រកួត​ជើង​​​ឯក​ Khmer Warriors Challenge ពេល​​​រៀប​​ចំ​ឡើង​ដោយ​ ស៊ីធីអិន និង MyTV ​នៅ​ឆ្នាំ​ ២០១៣។ ​គ្រា​នោះ​ជា​​ពេល​​ដែល​រូប​គេ​​បាន​រៀន​ក្បាច់​គុន​​​ជា​ច្រើន​រួម​មាន​​ គុន​ចម្រុះ ​យូដូ ​តេក្វាន់ដូ ​ចំបាប់​ និង​ គុន​ខ្មែរ​ជា​ដើម។​

ស៊ីចាន់ ​ឈ្នះ​ខ្សែ​​ក្រវាត់​ Khmer Warriors Challenge ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​មិន​​ធ្លាប់​មាន​ និង​ជា​ឆ្នាំ​ដំបូង​​ក្នុង​ព្រឹត្តិការណ៍​​គុន​ចម្រុះ​នៅ​កម្ពុជា​ដែល​រៀប​ចំ​ផ្ដួច​ផ្ដើម​ដោយ​សព​លោក ម៉ា សេរី។ ​​កីឡាករ​​ពោរពេញ​​ដោយ​បទ​ពិសោធន៍​មក​ពី​​ក្លិប​​ Phnom Penh MMA ​រូប​នេះ​​ ​​​ឡើង​ប្រកួត​​ចម្រុះ​​ចំនួន​ ៦ ​ដង​ក្នុង​នោះ ​ឈ្នះ​ ៣ ដង​ និង ចាញ់​ ៣ ដង៕

​​​​​អត្ថបទ៖ ស៊ីធី ​

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT