គិរីវង់ បង្អាក់ដំណើរណាហ្គាវ៉ើលឲ្យស្វាយរៀងបង្កើនគម្លាត៨ពិន្ទុក្នុងតារាង

ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ២-០ ទៅលើណាហ្គាវ៉ើលកាលពីយប់មិញនៅស្តាតចាស់ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀងកាន់តែកក់ក្តៅត្បិតពួកគេបង្កើនពិន្ទុនាំមុខដល់ទៅ៨ពិន្ទុ ពីក្រុមលេខ២មួយនេះ ខណៈគិរីវង់ឡើងមកឈរលេខ៩ក្នុងតារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១៨នៃពានរង្វាន់លីគកំពូលកម្ពុជា។

ការប្រកួតយប់មិញជាការឈឺចាប់លើកទី២របស់លោក មាស ចាន់ណា ក្រោមថ្វីជើងក្រុមមានមូលដ្ឋាននៅខេត្តតាកែវ។ ណាហ្គា ទើបតែធ្លាក់ចេញពីពានរង្វាន់សម្តេច ដោយចាញ់បាល់សរុបទាំង២ជើង លើក្រុមតំណាងដោយសត្វមាន់មួយនេះ ២-១។ ចំពោះការប្រកួតយប់មិញ គិរីវង់គ្រប់គ្រងស្ថានការណ៍បានល្អមែនទែន។ នៅចុងម៉ោង Coulibaly ស្រវាអូសបាល់ទៅទាត់គ្រាប់ទី៣ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលលើកទង់ Off-Side ទាំងចម្រូងចម្រាស់។

គិតក្នុងតារាងពិន្ទុវិញ ព្រះខ័នរាជក្រោយបំបាក់អគ្គិសនីកម្ពុជា ៧-០ ម្សិលមិញនេះដែរ បានបន្តកំណត់ត្រាមិនចាញ់របស់ខ្លួន ហើយដណ្តើមបាន៤៨ពិន្ទុ ខណៈណាហ្គាវ៉ើល និងវិសាខា មាន៤០ពិន្ទុស្មើគ្នា។ ចំពោះគិរីវង់វិញ បានឡើងមកឈរលេខ៩មាន២១ពិន្ទុ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT