មាន ៥០លានបាត ទើបអាចទិញ Aung Thu ពីក្លិប Yadanarbon បាន

ប្រភពព័ត៌មានពីក្នុងប្រទេសថៃបានចេញផ្សាយកាលពីថ្មីៗនេះថា ក្លិប Yadanarbon បានកំណត់តម្លៃខ្លួនដ៏ខ្ពស់មួយរបស់ Aung Thu ពោលគឺចំនួន ៥០លានបាត (ជាង១៥លានដុល្លារអាមេរិច) ក្នុងករណីដែលក្លិបណាមួយចង់ទិញគាត់។

ការប្រកាសបែបនេះពោលគឺបន្ទាប់ពី តារាជម្រើសជាតិមីយ៉ាន់ម៉ារូបនេះ កំពុងបង្ហាញទេពកោសល្យរបស់ខ្លួនបានយ៉ាងល្អ ក្នុងលីគកំពូលរបស់ថៃ ជាមួយក្លិប Police Tero ដែលបានខ្ចីជើងពីក្លិបដើមរយៈពេល ១រដូវកាល ។

យ៉ាងណាមិញ តម្លៃខ្លួនដ៏កប់ពពកនេះ គឺស្មើទៅនឹងតម្លៃខ្លួនកីឡាករខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសថៃ ដែលកើតឡើងកាលពីឆ្នាំ ២០១៧ ជាពេលដែលក្រុមអ្នកមាន Chiangrai United នាំយកខ្សែបម្រើ Tanaboon Kesarat ពី Muangthong United ក្នុងតម្លៃ ៥០លានបាត ។

គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ១៩ Aung Thu ស៊ុតចូលទីបាន ១០គ្រាប់ហើយ នឹងកំពុងឈរឈ្មោះជាកីឡាករកូតាអាស៊ាន ដែលលេចធ្លោជាងគេក្នុងលីគកំពូលថៃ ។

ជាមួយនឹងការចាកចេញទៅប្រឡូកអាជីពនៅប្រទេសក្រៅ ក្រឡែកមកមើលអំពីក្លិបដើមរបស់ខ្លួន Yadanarbon FC កំពុងតែឃ្លាតចេញពីតំបន់កំពូល ពោលគឺស្ថិតនៅលេខរៀងទី ៥ មាន ២៤ពិន្ទុ ដាច់ពីក្រុមកំពូលតារាង Yangon United ដល់ទៅ ៩ពិន្ទុ ត្រឹម ១៥ប្រកួត ក្នុងលីគជាតិមីយ៉ាន់ម៉ា ។

ចាំមើលថាតើតម្លៃខ្លួនកប់ពពកមួយនេះ មានក្លិបណាមួយក្នុងលីគកំពូលថៃ ឬក៏ក្លិបកំពុងខ្ចីជើង Police Tero ហ៊ានទិញផ្តាច់ដែរឬទេ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT