Alireza Beiranvand អ្នកចាំទីរបស់ជម្រើសជាតិអ៊ីរ៉ង់ បញ្ជាក់យ៉ាងច្បាស់ៗថា ជម្រើសជាតិអេស្ប៉ាញ មិនអាចរកគ្រាប់បាល់ងាយៗពេលប៉ះក្រុមរបស់ខ្លួនបានឡើយ។
អ៊ីរ៉ង់ ត្រូវប៉ះជាមួយអេស្ប៉ាញ នៅយប់ម៉ោង១រំលងអាធ្រាត្រនេះ ដែលជាការប្រកួតទី២របស់ខ្លួនក្នុងពូល B។ ប្រកួតដំបូង អេស្ប៉ាញរកបានតែ១ពិន្ទុប៉ុណ្ណោះ ដូច្នេះហើយប្រកួតយប់នេះពួកគេត្រូវការជ័យជម្នះដាច់ខាតលើក្រុមអ៊ីរ៉ង់។ ស្របពេលដែលខាងអ៊ីរ៉ង់វិញ ពួកគេរកបាន៣ពិន្ទុ ក្នុងប្រកួតដំបូងប៉ះជាមួយម៉ារ៉ុក។
មុនការប្រកួតរវាងក្រុមទាំងពីរឈានចូលមកដល់ អ្នកចាំទី Alireza វ័យ២៥ឆ្នាំរបស់អ៊ីរ៉ង់បាននិយាយថា៖ “ជាមួយក្រុមដូចជាអេស្ប៉ាញ បើទោះជាពួកគេប្ដូរគ្រូបង្វឹកមែន ប៉ុន្តែមិនមែនជាបញ្ហានោះទេ។ ប្រធានក្រុម និងកីឡាករល្អៗរបស់ពួកគេ អាចនាំក្រុមបន្ដទៅមុខបាន។ គ្រប់គ្នាបានស្គាល់អេស្ប៉ាញហើយ ពួកគេមិនមែនជាក្រុមធម្មតាទេ ប៉ុន្តែយើងអាចធានាបានថាប្រកួតយប់នេះ អេស្ប៉ាញ មិនអាចស៊ីក្រុមអ៊ីរ៉ង់ងាយៗនោះទេ”៕ប្រភព៖ MARCA