ប្រវត្តិសាស្ត្រច្រំដែល! កម្ពុជា បន្តចាញ់ថៃច្រើនគ្រាប់ក្នុងពានរង្វាន់យុវជន AFF U15

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានបន្តចាញ់ដំរីសឹកថៃ ដោយលទ្ធផលចាស់ដៃ ៤-០ កាលពីម្សិលមិញក្នុងយុទ្ធនាការពានរង្វាន់ AFF U15 នៅខេត្តឈុនបុរី។

នេះជាលទ្ធផលចាញ់ច្រើនបំផុតរបស់ក្រុមដែលដឹកនាំដោយលោក Inoue Kazonuri ក្នុងឆ្នាំនេះ។ ពីរប្រកួតមុន កម្ពុជា បានចាញ់អូស្ត្រាលី ៣-១ និងចាញ់ម៉ាឡេស៊ី ២-០។

ហាក់ទំនៀមទំលាប់នេះនៅបន្ត កម្ពុជា បានចាញ់ក្រុមជិតខាងដូចជា ថៃ និងវៀតណាម ក្នុងកម្រិតយុវជនស្ទើរគ្រប់ឈុត។ កត្តានេះ បានធ្វើឲ្យផែនការឆ្ពោះទៅយកមេដាយស៊ីហ្គេមហាក់លំបាក ត្បិតដៃគូមានកម្រិតលើកម្ពុជាខ្លាំង។

កន្លងមកក៏មានការអន្តរាគមន៍ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំពោះរឿងនេះ។ ឯកឧត្តម សៅ សុខា បានចាត់ទុកឬសគល់នៃបញ្ហានេះថាគ្មានការប្រកួតប្រជែងក្នុងស្រុកខ្លាំងចំពោះពួកគេ។ ដូច្នេះការហាត់មិនឡើងសមត្ថភាពខ្លាំង។ ឆ្លើយតបបញ្ហានេះ លោកក៏បានអនុញ្ញាតិឲ្យក្រុម U18 ចូលលេងលីគកំពូលកម្ពុជាតែម្តង ដើម្បីឲ្យមានការប្រកួតប្រជែងច្រើន និងខ្លាំងក្លាជាងមុន។

U15 ក​ម្ពុជានៅសល់ពីរប្រកួតចុងក្រោយបង្ហើយកិច្ច ជាមួយ ឡាវ និង ប្រ៊ុយណេ ដែលមានកម្រិតប្រហាក់ប្រហែលគ្នា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT