ស សី ​​ថ្លែង​​សារ​អំពី​ការ​ជួយ​របស់​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន

កីឡាករ​​​គុន​ខ្មែរ​ និង គុន​ចម្រុះ​ជើង​ចាស់​ ស​ សី​​ បាន​សរសើរ​ដល់​ទឹក​ចិត្ត​របស់​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​​ ​ប្រធាន​ក្លិប​ Cambodian Top Team ​ដែល​ខំ​ព្យាយាម​ជួយ​ខ្លួន​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ន​នេះ។​

​​បុរស​វ័យ​ ​៣៧ ​​ឆ្នាំ​​​ដែល​ល្បី​ឈ្មោះ​ខាង​​គុន​ខ្មែរ​ដល់​​គុន​​ចម្រុះ​ជា​ពិសេស​បង្ហាញ​ខ្លួន​លើ​សង្វៀន​​ ONE CHAMPIONSHIP ​នោះ​​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ទៅ​ហើយ​ដោយ​ផ្អែក​លើ​ហេតុ​ផល​​​វ័យ​កាន់​តែ​ចាស់ ​ស្រប​ពេល​ម្ដាយ​ព្រម​ទាំង​​ប្រពន្ធ​ផង​​​​បាន​ហាម​ឃាត់​​​​​​រឿង​ឡើង​សង្វៀន។ ​យ៉ាង​​ណា​ក៏​ដោយ​​​អតីត​កូន​សិស្ស​លោក​ អេ ភូថង​​​ បាន​ថ្លែង​អំណរ​គុណ​ ​យ៉ាង​ដូច្នេះ ៖«​​បើ​សិន​​ខ្ញុំ​នៅ​ហ្វឹកហាត់​ខ្លាំង​ដូច​មុន​​ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​ចាប់​គូ​ឡើង​ប្រកួត​ជា​ពិសេស​ សង្វៀន ​ONE និង​ ទទួល​បាន​ប្រាក់​កម្រៃ​គួរ​សម។ ​​ប៉ុន្តែ​ ​ឥឡូវ​ ​ខ្ញុំ​ពិបាក​​ធ្វើ​ដូច​មុន​ ព្រោះ​​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​​គ្រួសារ​ និង កូន​តូចៗ។ ​​​​ខ្ញុំ​សូម​អរគុណ​ដល់​ គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​ដែល​ជួយ​​ជ្រោមជ្រែង​ទាំង​​ការ​ចាប់​គូ និង ​​​ការ​បង្វឹក​​​កន្លង​មក»។ ​

​ក្រៅ​ពី​ការ​ដឹង​គុណ​​​អតីត​កូន​សិស្ស​​​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ​បាន​ទទូច​​ឲ្យ​កីឡាករ​ជំនាន់​ក្រោម​កុំ​​បោះ​បង់​ក្ដី​ស្រមៃ​ទៅ​ប្រកួត​នៅ​បរទេស​ចោល​ឲ្យ​សោះ​ ព្រោះ​​​ឱកាស​ល្អ​នៅ​មាន​បន្ត​បន្ទាប់​ទៀត​​ឲ្យ​តែ​ខំ​ប្រឹងប្រែង​ពិត​ប្រាកដ។​ ​​​បុរស​​​ដដែល​សង្កត់​ធ្ងន់​​ថា៖«​ពេល​​យើង​ហ្វឹកហាត់​​ឲ្យ​ខ្លាំង​ គ្រូ​បង្វឹក​នឹង​ចាប់​គូ​ឲ្យ​វ៉ៃ​​មិន​ខាន។ ​ពេល​យើង​ខ្លាំង​ មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ​ បើ​មិន​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក៏​​សង្វៀន​ក្នុង​ស្រុក​មាន​ច្រើន​ដែរ»។ ស សី ​បាន​ប្រៀប​ធៀប​តម្លៃ​ខ្លួន​ពី​មុន​មាន​កម្រិត​ទាប​ជាង​​ឥឡូវ​ច្រើន​ណាស់។​ ​បច្ចុប្បន្ន​នេះ ​បើ​សិន​​ជា​​កីឡាករ​ប្រដាល់​ណា​លេច​ធ្លោ​ក្នុង​ស្រុក​ គឺ ​អាច​ទទួល​តម្លៃ​ខ្លួន​​សមរម្យ​​ដើម្បី​​ទ្រទ្រង់​ជីវភាព​បាន ​ព្រោះ​ពី​​មុន​ ​ស សី ​ធ្លាប់​ប្រកួត​​លំដាប់​គូ​ឯក​បាន​ត្រឹម​​ ៣០​ ម៉ឺន​រៀល​ប៉ុណ្ណោះ។​

​កីឡាករ​ដែល​​ទទួល​ចំណាត់​ថ្នាក់​លេខ​​៤​​ក្នុង​កម្មវិធី​​ប្រដាល់​ខ្សែ​ក្រវាត់​នៅ​​សង្វៀន​ស៊ីធីអិន​​កាល​ ​១០​ ឆ្នាំ​បាត់​មុខ​​ពី​​សង្វៀន​​ប្រដាល់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​ ​មក​ម៉្លេះ​។ ប៉ុន្តែ​ ​​កូន​សិស្ស​នៅ​ក្លិប​ CTT ​កំពុង​ដុតដៃដុតជើង​​បង្ហាត់​កូន​ប្រុស​​ដែល​មាន​​ទេព​កោសល្យ​ និង​ ក្មេងៗ​មួយ​ចំនួន​​​ទៀត​​​នៅ​ភូមិ​ ស្វាយ​ជ្រុំ ​ឃុំ​ព្រែក​ដំបង​ ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល។​

ស សី បាន​​រៀប​រាប់​ថា៖«​​ខ្ញុំ​បាន​បង្ហាត់​កូន​ខ្ញុំ​ និង​ ក្មេងៗ​នៅ​ទី​នេះ​​​ជិត​នាក់​​ ប្រហែល​ជា​ ៨ ​ខែ​មក​ហើយ។​ ​ខ្ញុំ​មាន​ការ​ខ្វះ​ខាត​ចំពោះ​ការ​ទិញ​សម្ភារ​ ប៉ុន្តែ ពេល​​ខ្ញុំ​​​​ឡើង​ទៅ​ភ្នំពេញ​ គឺ បាន​គ្រូ ហ៊ុន ច័ន្ទរាជ្យ ​គាត់​ជួយ​សម្ភារ​ហ្វឹកហាត់​ដូច​ជា​ ​​ហ្គង់ ​ ​​កម្រាល​ពូក​ហាត់ ​បាវសាក់ និង ស៊ីប​ជា​ដើម។ ​​ខ្ញុំ​អរគុណ​គាត់​ខ្លាំង​មែន​ទែន​​ ដែល​តាម​ជួយ​ជ្រោមជ្រែង​​ដល់​​ខ្ញុំ​តាំង​ពី​​ដើម​រហូត​មក។​ បើ​មាន​ការ​ខ្វះ​ខាត​អ្វី​ ​​គាត់​​ឲ្យ​ប្រាប់​ទៅ​…គាត់ [ហ៊ុន ច័ន្ទរាជ្យ] នឹង​ជួយ​តាម​លទ្ធភាព​ជាក់​ស្ដែង​»។

​​​​​ស សី ​​​មាន​ប្រវត្តិ​​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​​ជា​មួយ​គ្រូ​ ណុល នៅ​ស្រុក​មុខ​កំពូល​តាំង​ពី​​រៀន​ថ្នាក់​ទី​ ៥ មុន​ បន្ត​ហ្វឹកហាត់​ជា​មួយ​គ្រូ សឹង សារិទ្ធ នៅ​ក្លឹប​​ទ័ព​ជើង​ទឹក,​ គ្រូ​ ​អេ ភូថង នៅ​ក្លឹប​អេភូថង​កីឡា​ និង គ្រូ​ ឈិត សារឹម នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ។​​ ​​​​ស សី​ ​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ (MMA) ​នៅ​អំឡុង​ឆ្នាំ​ ២០១៥ ​ជា​មួយ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ និង ​​គ្រូ​បង្វឹក​ Fernando Salvador ​ដែល​ធ្វើ​​ឲ្យ​រូប​គេ​ល្បី​ឈ្មោះ​នៅ​​សង្វៀន​អន្តរជាតិ​ ONE ។ ​បុរស​​​កើត​នៅ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន​ ៨ ​ដង​​ក្នុង​នោះ​ ឈ្នះ​ ៤ ​ដង និង ចាញ់ ​ចំនួន​ ៣ ដង​ គិត​ចាប់​​តាំង​​ឆ្នាំ​ ២០១៦​ មក៕ ​​

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT