ទំនេរ​ជើង ៧ ខែ​ហើយ Mourinho រំពឹង​វិល​ត្រលប់​សារ​ជា​ថ្មី​មក​ដឹកនាំ​ក្លឹប​អេស្ប៉ាញ

យោង​តាម​របាយការណ៍ Libertad ​បាន​ចុះ​ផ្សាយ​ថា​អតីត​អ្នកចាត់ការ​លោក Jose Mourinho ​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​អាច​ចូល​កាន់​តំណែង​អ្នកចាត់ការ​ថ្មី​នៅ​ក្លឹប​ប្រជៀវ Valencia។

Jose អាច​នឹង​ដើរ​ចូល​ក្របខ័ណ្ឌ LaLiga ​បន្ទាប់​ពី​ទំនេរ​ជើង​គ្មាន​ការងារ​ធ្វើ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ គ្រា​ដែល​ក្លឹប​បាន​បណ្តេញ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​នេះ​ចេញ ហើយ​កំពុង​ខ្វាត់ខ្វែង​ស្វែងរក​ទ្រនំ​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង​មុន​រដូវ​កាល​ ២០១៩/២០ ឈាន​ចូល​មក​ដល់។

សព្វថ្ងៃ Marcelino ជា​អ្នកចាត់ការ​ពេញ​សិទ្ធ​នៅ Valencia តាម​ដែល​ដឹង​កំពុង​មាន​ភាព​រកាំរកូស​ជាមួយ​ក្លឹប ត្បិត​កាល​ពី​រដូវ​កាល​ចាស់​ជួយ​ឲ្យ​ក្រុម​យក​ឈ្នះ Barcelona នៅ Copa del Rey ក៏​ពិត​មែន។ មួយ​ផ្សេង​ទៀត​ភ្នាក់ងារ​របស់​ Mourinho គឺ​លោក Jorge Mendes ​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ថា​មាន​ទំនាក់ទំនង​ល្អ​ស្រាប់​ជាមួយ​ប្រធាន​ក្លឹប​លោក Peter Lim។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT