ខ្សែប្រយុទ្ធ Robert Lewandowski បន្ទោសមិត្តរួមក្រុមប៉ូឡូញដែលមិនខំប្រឹងលេងឱ្យដូចខាងក្រោមសេណេហ្គាល់សោះ ទើបបានជាបរាជ័យ ២-១ នៅយប់មិញនេះ។
សេណេហ្គាល់ពិតជាលេងបានល្អមែនកាលពីយប់មិញនេះ ដោយរកបាន២គ្រាប់មុន ធ្វើបានសម្រេចដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់ Cionek នៅនាទី៣៧ និង Niang រកបាន១គ្រាប់ដែរនៅនាទី៦០។ ១គ្រាប់របស់ប៉ូឡូញធ្វើបានដោយការតែតរបស់ Krychowiak នៅនាទី៨៦។ បរាជ័យនេះបានធ្វើឱ្យប៉ូឡូញ ប្រឈមនឹងការបាត់បង់កៅអីឡើងវគ្គ១៦ក្រុម ត្បិតអី២ប្រកួតទៀត ពួកគេត្រូវប៉ះកូឡំប៊ី និងជប៉ុន។
និយាយពីការប្រកួតយប់មិញនេះ Lewandowski មើលឃើញថាសមាជិកក្រុមទាំងអស់ ហាក់ដូចជាមិនមានអារម្មណ៍លេងនោះទេ ពួកគេដូចមិនខំប្រឹងសោះ។ ខណៈដែលខាងសេណេហ្គាល់វិញ ពួកគេខិតខំប្រឹងប្រែងមែនទែន រហូតទទួលបានជោគជ័យ។
ប្រធានក្រុមខាងលើបន្ដទៀតថា៖ “យើងតែងតែបង្កើតនៅកំហុសដដែល វាពិតជាពិបាកមើលណាស់ ប្រសិនបើអ្នកតែងតែបង្កើតកំហុសដែលធ្វើឱ្យដៃគូរកគ្រាប់បាល់បានស្រួលៗដូច្នេះ។ ១ប្រកួតនេះ យើងលេងមិនល្អ ការយល់ចិត្តគ្នាមានតិចតួចណាស់ ដូច្នេះហើយបរាជ័យនេះគឺមកពីខ្លួនឯង”៕ប្រភព៖ DailyMail