៣​ រឿង​ដែល​​​​​អ្នក​គាំទ្រ​អាច​មិន​ដឹង​អំពី​​​ជើង​ខ្លាំង​គុន​ចម្រុះ​ ចាន់ រតនា

​អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​​វ័យ​ ​៣៣ ឆ្នាំ​ ​ជា​កីឡាករ​ម្នាក់​ដែល​លេច​ធ្លោ​ពេល​ឡើង​​ប្រកួត​តំណាង​​ឲ្យ​​​​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ជា​ពិសេស​នៅ​​សង្វៀន​ ONE ​តាំង​ពី​ឆ្នាំ ២០១៤​ ​រហូត​ដល់​បច្ចុប្បន្ន។​ ​មាន​រឿង​រ៉ាវ​ ៣​​ សំខាន់​ដែល​​អ្នក​គាំទ្រ​​អាច​មិន​​ដឹង​អំពី​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា​​ ចាន់ រតនា។​

រតនា ជា​កីឡាករ​លេច​ធ្លោ​​មិន​ធ្លាប់​មាន​របស់​កម្ពុជា​ក្នុង​ប្រវត្តិ​របស់​ ONE

ដ្បិត​វ័យ​៣៣​ឆ្នាំ​​ហើយ​មាន​ប្រពន្ធ​កូន​ទៀត​ ចាន់ រតនា ​ជា​កីឡាករ​មាន​ភាព​អំណត់​តស៊ូ​ខ្លាំងក្លា​ក្នុង​ការ​ហ្វឹកហាត់​​រហូត​​​ទទួល​បាន​​កិច្ច​សន្យា​ប្រកួត​​នៅ​សង្វៀន​ ONE ​​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ មក។ ​​ចាន់ ​រតនា ជា​កីឡាករ​ដែល​​​ទទួល​បាន​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​ពិភព​លោក ONE ​បាន​យូរ​ និង ច្រើន​ប្រកួត​ជាង​គេ​​ក្នុង​ចំណោម​កីឡាករ​នៅ​កម្ពុជា ​ពោល​ប្រកួត​លើ​​សង្វៀន​អន្តរជាតិ​នេះ​រហូត​ដល់ ៨ ​ដង​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង​ ​ចាញ់​៣ដង។ ​រតនា ​មាន​កំណត់​ត្រា​ឈ្នះ​កីឡាករ​គុន​​ចម្រុះ​បរទេស​​ច្រើន​ជាង​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ (ឈ្នះ​៣​ដង)។ ​​​ម្ចាស់​ក្លិប​​ «សិល្បៈ» រូប​នេះ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​​ Rudy Agustian , Abrou Fernandes និង ​កីឡាករ​ហ្វីលីពីន​ Ramon Gonzales។ ​​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ ​សីហា​ ខាង​មុខ ​ចាន់ រតនា ត្រូវ​ជួប​​ជើង​ខ្លាំង​គុយបា​ Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ប្រទេស​ថៃ។ ​នេះ​ជា​​ការ​ស្វែង​រក​កំណត់​ត្រា​ថ្មី​ក្នុង​ជ័យជម្នះ​ ៣ ​ដង​ជាប់​គ្នា​បើ​​សិន​បំបាក់​​ជើង​ខ្លាំង​មក​ពី​ គុយបា​ បាន។

រឿង​តូច​ចិត្ត​កាល​ឆ្នាំ​២០១៤​ក្នុង​ពិភព​គុន​ចម្រុះ

​ចាន់ រតនា​ ​បាន​ប្រាប់​​អំពី​រឿង​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ ​ឬ ​MMA ​​ពេល​ប្រកួត​នៅ​សង្វៀន​ ONE ​​​កាល​ឆ្នាំ​ ២០១៤។ ​​​រតនា​ ​​រំលឹក​ថា៖ «រឿង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ ពេល​​អាជ្ញាកណ្ដាល​​​ឲ្យ​ខ្ញុំ​ចាញ់​ ឌុន សំអាង​ ​​ដោយ​​គិត​ថា​ខ្ញុំ​វ៉ៃ​ខុស​បច្ចេកទេស​​​ខណៈ​ដែល​អាជ្ញា​កណ្ដាល​ឃាត់​មិន។ ​ខ្ញុំ​យំ ខ្ញុំ​តូច​ចិត្ត​​​​យូរ​ដែរ​ចំពោះ​លទ្ធផល​ ​ដែល​ខ្ញុំ​ត្រូវ​ឈ្នះ​​ពាន​​​មាន​​តម្លៃ​​ជិត​ ៥ ​ពាន់​ដុល្លារ​»។ ​​ពេល​នោះ រតនា​ ​គ្មាន​ចេតនា​ទេ ប៉ុន្តែ​ដួល​​អស់​ជំហរ​​ទប់​អត់​ជាប់​ ក៏​ទៅ​ត្រូវ​ សំអាង ​ខ្លាំង​​​ហើយ​គូ​ប្រជែង​​បន្ត​ការ​ប្រកួត​ទៀត​លែង​កើត។ ​​ទី​បំផុត​ ​អាជ្ញា​កណ្ដាល​ក៏​ផ្ដល់​ជ័យជម្នះ​ទៅ ​សំអាង ​តែ​ម្ដង។ ​​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ ចាន់ រតនា ស្រក់​ទឹក​ភ្នែក​ក្នុង​អាជីព​គុន​ចម្រុះ។ ​​​គួរ​ដឹង​ថា​ ​ពេល​ស្ថាប័ន​អន្តរជាតិ​ ONE ​មក​រៀប​​​ចំ​ការ​​ប្រកួត​​លើក​ដំបូង​​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៤​ ​គឺ​​តម្រូវ​​ឲ្យ​​មាន​ ២ ​គូ​​ប្រកួត​គ្នា​ ហើយ ​​អ្នក​ឈ្នះ​ឡើង​ទៅ​ជួប​អ្នក​ឈ្នះ​ដើម្បី​ដណ្ដើម​​ពាន និង​ប្រាក់​រង្វាន់។ ​គេ​ចាំ​បាន​ថា​ពេល​នោះ ​រតនា​ ​បាន​​​វ៉ៃ​ឲ្យ​ ប្រាក់ ចាន់ស៊ីន​ ​​​លើក​ទង់​ជ័យ​ស​​​នា​ទឹក​ទី១​ ​នា​​ប្រកួត​​ដំបូង​​ស្រប​ពេល​ ឌុន សំអាង​ ​​លត់​ ជិន ហេង ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១ ​ដូចគ្នា។​ ដូច្នេះ​ ​ចាន់ រតនា​ ​ត្រូវ​ប៉ះ ​ឌុន សំអាង​ ​នៅ​វគ្គ​ដណ្ដើម​​ប្រាក់​រង្វាន់​និង​ពាន។ រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ក្នុង​ជីវិត​គុន​ចម្រុះ​ រតនា​ វ៉ៃ​​ខុស​បច្ចេកទេស​នៅ​​​ទឹក​ទី១​ ​​ ហើយ​នាំ​​ឲ្យ​ពាន​​លើក​​ដំបូង​នៅ​សង្វៀន​ ONE ​ធ្លាក់​ទៅ​លើ​ ឌុន សំអាង។

មិន​នឹក​ស្មាន​ថា​ល្បី​​និង​មាន​ឈ្មោះ​ដល់​បច្ចុប្បន្ន

​សព្វ​ថ្ងៃ​នេះ​ ចាន់ រតនា ​មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​អាជីព​ប្រចាំ​​សង្វៀន​ ONE ​ដ៏​មាន​ប្រជាប្រិយភាព​នោះ​ទេ ​​ប៉ុន្តែ​​ថែម​ទាំង​ជា​​ម្ចាស់​ក្លិប​​ប្រដាល់​ឈ្មោះ​ «​សិល្បៈ​» ​​នៅ​​ម្ដុំ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​ទៀត​ផង​។ ក្លិប​នេះ​ជា​ដំបូល​បណ្តុះ​បណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ​ និង​ បង្ហាត់​​ដើម្បី​សុខភាព​ផង​ដែរ។ ​រឿង​មួយ​​ទៀត​មិន​​គួរ​កើត​ ​រតនា ​មិន​នឹក​ស្មានថា​ ខ្លួន​អាច​ក្លាយ​ជា​កីឡាករ​​ល្បី​ឈ្មោះ​នោះ​ទេ​ ព្រោះ​រូបគេ​មិន​ដែល​មាន​បំណង​​ចង់​ប្រឡូក​ក្នុង​វិស័យ​​ក្បាច់​គុន​នោះ​ឡើយ​។ ​ម្ចាស់​ក្លិប​ «សិល្បៈ»​ បញ្ជាក់​បែប​នេះ៖«​ខ្ញុំ​មិន​ដែល​គិតថា​ខ្លួនឯង​ក្លាយ​ជា​អ្នក​ប្រដាល់​ទេ​។ ខ្ញុំ​ទៅ​ហាត់​ក្បាច់គុន ព្រោះ​គ្រាន់តែ​ចង់​ទៅលេង​ជាមួយ​កូនសិស្ស​របស់​ឪពុក​ខ្ញុំ​តែប៉ុណ្ណោះ​។ ឪពុក​ខ្ញុំ​គាត់​ព្យាយាម​បញ្ចុះ​ប​​ញ្ចូល​​ខ្ញុំ​ឲ្យ​មក​ហាត់​គុន​ឲ្យ​ស្ទា​ត់​ទៅ ​​ព្រោះ​មកពី​ខ្ញុំ​មិនបាន​សិក្សា​​ច្រើន​​ដូច​គេ។ ​ ប៉ុន្តែ​ទីបំផុត​ កីឡា​បាន​ជួយ​ខ្ញុំ​ច្រើន​មែនទែន វា​មិន​ឲ្យ​ខ្ញុំ​មាន​គ្រប់សព្វ​អ្វី​ទេ ​ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​ហូបចុក​គ្រប់គ្រាន់ ​មាន​គេ​ស្គាល់​ខ្ញុំ​ច្រើន និង​មាន​គេ​គោរព​ខ្ញុំ​ខ្លាំង​។ ដូចនេះ​ខ្ញុំ​មិន​ស្តាយ​ក្រោយ​ទេ ​ដែល​ឪពុក​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ដើរ​ផ្លូវ​នេះ​»​។ ​ដោយ​មាន​ឈាម​ជ័រ​ជា​អ្នក​ហាត់​គុន​ដែល​មាន​​ឳ​ពុក​ឈ្មោះ​ ចាន់ ប៊ុនធឿន​ ​អ្នក​លេង​គុន​បុរាណ​ខ្មែរ​ និង យុទ្ធក្រម​ខម​ ​​បាន​​ធ្វើ​​ឲ្យ​ ចាន់ រតនា​ ស្នង​ត្រកូល​ក្បាច់​គុន​ដ៏​អង់អាច​នេះ​​ក្នុង​នាម​ក្មេង​ជំនាន់​ក្រោយ​ និង ជួយ​ផ្សព្វផ្សាយ​​ក្បាច់​គុន​​កម្ពុជា​ទៅ​កាន់​ពិភព​លោក​​​នា​ពេល​បច្ចុប្បន្ន៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT