ខ្សែបម្រើ James Rodriguez អាចនឹងបន្ដលេងនៅក្រុម Real Madrid ទៀត ក្រោយពីលោក Zidane ចង់យករូបគេមកធ្វើជាកីឡាករបម្រុងសម្រាប់រដូវកាលថ្មីខាងមុខនេះ។
កីឡាករកូឡុំប៊ី ត្រូវបានគេដឹងថានឹងចាកចេញពីក្រុម Real Madrid នារដូវក្ដៅនេះ ហើយ ក្រោយពីមានក្លឹប២ចង់បានគឺ Atletico Madrid និង Napoli ។ ប៉ុន្តែឆ្លងកាត់ការប្រកួតមិត្តភាពប៉ុន្មានប្រកួតមកនេះ លោក Zidane បានប្ដូរចិត្ត ដោយមិនចង់លក់ James ចេញទេ ពោលគឺលោកចង់ទុករូបគេដើម្បីមកជួយក្រុមវិញ។
James ជាកីឡាករឆ្នើមម្នាក់ ដែលបានបង្ហាញសមត្ថភាពខ្ពស់មែនទែនកាលពី World Cup 2014 ហើយក្រោយមក Real Madrid ក៏ទិញយករូបគេតែម្ដង។ យ៉ាងណាមិញ នៅអេស្ប៉ាញ កីឡាកររូបនេះមិនសមប្រកបឡើយ ដោយត្រូវក្លឹប Bayern Munich ខ្ចីជើង ហើយបច្ចុប្បន្នក៏ត្រូវគេដាក់លក់ចេញថែមទៀត៕ប្រភព៖ Marca