វត្តមាន លឹម​ ពិសុទ្ធ នឹងជួយតំបន់ប្រយុទ្ធរបស់ជម្រើសជាតិ U18 កាន់តែមុតស្រួច

ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ដើម្បីចូលរួមពានរង្វាន់ AFF U-18 Championship 2019 ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលកន្លងមកកាលពីថ្ងៃទី ៩, ១៦ និង២៣ ខែ កក្កដា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធដែលទើបឡើងពីក្រុមយុវជនថ្នាល មកក្រុមធំភ្នំពេញក្រោនរូបនេះ ពិតជាបង្ហាញបច្ចេកទេសដ៏ល្អក្នុងការក្រឡុកដៃគូ និងរកគ្រាប់បាល់។ ពិសេសជាងនេះ គេត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ នៅពេលស៊ុតកែបាល់បញ្ចូលទីដៃគូក្នុងពានយុវជនរបស់ភ្នំពេញក្រោន កាលពីប្រមាណ៣ខែមុន។

គេនឹងក្លាយជាដៃគូដ៏ល្អមួយរបស់ សៀង ចន្ធា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា U18 ។ បន្ថែមលើនេះ គុណភាពមិត្តរួមក្រុមដ៏ទៃទៀតដូចជា ប៊ុនធឿន ប៊ុណ្ណារ៉ុង និង អ៊ាន ពិសី រឹតតែធ្វើឲ្យមានការប្រកួតប្រជែងកៅអី១១នាក់ដំបូងគ្នាខ្ពស់ថែមទៀត។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងស្ថិតនៅពូលជាមួយ ម៉ាឡេស៊ី, វៀតណាម, ថៃ, សិង្ហបុរី និងអូស្ត្រាលី។ សម្រាប់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ៩ ខែ សីហា ឆ្នាំ២០១៩ នៅទីក្រុង ហូជីមិញ, វៀតណាម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT