អាប់ដែត​ចំណាត់ថ្នាក់ FIFA Ranking ​ថ្មី តើ​គោព្រៃ​កម្ពុជា​ប្រែប្រួល​បែប​ណា​ខ្លះ?

នៅ​ថ្ងៃ​ទី ២៥ ​កក្កដា​កន្លង​ទៅ​នេះ FIFA ទើប​តែ​បញ្ចេញ​នូវ​ទិន្នន័យ​ចំណាត់ថ្នាក់​ថ្មី ដែល​ក្រុម​បាល់ទាត់​ជា​ច្រើន​បាន​មាន​ការ​ប្រែប្រួល ខណៈ​ខ្លះ​ទៀត​ក៏​នៅ​នឹងថ្កល់​ដូច​ជា​សិង្ហបុរី ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជា​ដើម នេះ​បើ​យើង​រាប់​តែ​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី។

ចំណែក​ឯ​ក្រុម​គោព្រៃ​កម្ពុជា​បាន​ធ្លាក់​មួយ​លេខ​ មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៧០ ខណៈ​ចំណាត់ថ្នាក់​ចាស់​ឈរ​នៅ​លេខ ១៦៩ (ពិន្ទុ ៩៨៨)។ នោះ​ក៏​ដោយ​សារ​ក្រុម​បាល់ទាត់ Papua New Guinea ​បាន​កើន​ឡើង​លំដាប់​ពិន្ទុ​ពី ៩៨៤ មក​ ៩៩១ ដែល​រុញ​ឲ្យ​ពួក​គេ​ឡើង​ដល់​ទៅ ៣ លេខ​ឯ​ណោះ។

ម៉ាឡេស៊ី​ឈរ​លេខ ១៥៩, សិង្ហបុរី លេខ ១៦២ និង​ឥណ្ឌូណេស៊ី​លេខ ១៦០ ដោយ​ប្រទេស​ទាំង​បី​រក្សា​ចំណាត់ថ្នាក់​នឹង​ថ្កល់ រី​ឯ​ប្រទេស​ថៃ​ឡើង​មក​លេខ ១១៥ ​និង​វៀតណាម​ធ្លាក់​មួយ​លេខ​នៅ​ចំណាត់ថ្នាក់​ទី ៩៧។

ទៅ​មើល​ចំណាត់ថ្នាក់​កំពូល​គឺ​បែលហ្សិក​ឈរ​លេខ ១ ​ខណៈ​ប្រេស៊ីល​ទើប​ឈ្នះ Copa America ឡើង​មួយ​លេខ​មក​ឈរ​លេខ ២ និង​បារាំង​ឈរ​លេខ ៣ ​រី​ឯ​អ៊ុយរុយហ្គាយ​ឡើង​បី​លេខ​មក​បិទ​ចំណាត់ថ្នាក់​ Top 5។ ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT