ការ​មក​ដល់​របស់ Maguire អាច​នឹង​ធ្វើ​ទុក​ទោម្នេញ​ដល់​កីឡាករ Man Utd មួយ​រូប

Mancheseter United នៅ​តែ​បន្ត​ដុតដៃដុតជើង​យ៉ាង​សកម្ម​ក្នុង​ការ​ចង់​នាំ​យក​ខ្សែ​ការពារ​កណ្តាល​ថ្មី​មួយ​រូប​បន្ថែម​ទៀត នោះ​គឺ Harry Maguire ត្បិត​សព្វថ្ងៃ​មាន​កីឡាករ ៤ រូប​ក្នុង​ដៃ​ដូច​ជា Victor Lindelof, Phil Jones, Chris Smalling និង Eric Bailly ហើយ​ក៏​ដោយ។

យោង​តាម​សារព័ត៌មាន Metro ​បាន​ចុះ​ផ្សាយ​ថា​ប្រសិន​ណា​បិសាច​ក្រហម​អាច​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Maguire ចេញ​ពី Leicester នោះ​អនាគត​របស់ Eric Bailly អាច​នឹង​ត្រូវ​យ៉ាប់យ៉ឺន​កាន់​តែ​ខ្លាំង​ឡើង។

Bailly ​នឹង​ជជែក​ពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្លឹប ពោល​គឺ​អាច​ស្នើ​ដល់​ការ​ចាកចេញ ​បន្ទាប់​ពី​កីឡាករ​អង់គ្លេស [Maguire] ផ្លាស់​ចូល​មក​ដល់។ សព្វថ្ងៃ Lindelof ​ជា​ខ្សែ​ការពារ​កណ្តាល​មួយ​រូប​ដែល​ក្លឹប​ច្រើន​ប្រើប្រាស់ ​បែប​នេះ​រំពឹង​នឹង​ចាប់​ដៃ​គូ Maguire នៅ​ជម្រើស ១១ នាក់។

ឈុត​ទី​ពីរ​គឺ Phil Jones និង Chris Smalling ដែល​អ្នក​ទាំង​ពីរ​សុទ្ធ​សឹង​ទើប​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ខុស​ពី Bailly សល់​កុងត្រា​ត្រឹម​រយៈ​ពេល ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT