Bale ​ត្រូវ​គេ​រាយការណ៍​ថា ​បរាជ័យ​ក្នុង​ការ​ផ្លាស់​ទៅ​ក្លឹប​នៅ​ចិន​ហើយ​

ខ្សែ​ប្រយុទ្ធ Gareth Bale ​ត្រូវ​គេ​រាយការណ៍​ថា​បរាជ័យ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Jiangsu Suning ​ក្នុង​ប្រទេស​ចិន​ហើយ។

កីឡាករ​វែល​រូប​នេះ ​កំពុង​ព្យាយាម​ចាកចេញ​ពី​ក្រុម Real Madrid ​ឱ្យ​បាន​ក្រោយ​ពី​អ្នក​ចាត់ការ​ក្រុម Zidane ​និយាយ​ច្បាស់​ៗ​ថា​រូប​គេ​មិន​សម​នៅ Real Madrid ​ទៀត​នោះ​ទេ។ មាន​ក្លឹប​នៅ​ចិន Jiangsu Suning ​ចង់​បាន Bale ​ខ្លាំង ដោយ​បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ដើម្បី​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ​អាស៊ី។

យ៉ាងណាមិញ ​បើ​តាម​ប្រភព​នៅ​ចិន​វិញ ​បាន​បញ្ជាក់​ថា​ក្លឹប​និង​កីឡាករ​ខាង​លើ​បាន​បរាជ័យ​ក្នុង​ការ​ចុះ​កុងត្រា​ទៅ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា​រូបគេ​មិន​អាច​មក​លេង​នៅ​លីគ​កំពូល​ចិន​បាន​ឡើយ។ ដោយ​ប្រភព​បញ្ជាក់​ថា​ក្លឹប Suning ​នឹង​ចុះ​កុងត្រា​កីឡាករ​បរទេស​២​នាក់​នៅ​សប្ដាហ៍​នេះ ​ប៉ុន្តែ​មិន​មែន​ជា Bale ​នោះ​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT