អតីត​កីឡាករ Barcelona គ្រោង​ដើរ​តាម​គន្លង Iniesta ផ្លាស់​ទៅ Vissel Kobe ម្នាក់​ទៀត​ហើយ

យោង​តាម​របាយការណ៍​ពី Kyodo News ​បាន​ឲ្យ​ដឹង​ថា​ក្លឹប Vissel Kobe កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​កីឡាករ​ឥត​តម្លៃ​ខ្លួន Thomas Vermaelen ដែល​បាន​ទំនេរ​ជើង​ចាប់​តាំង​ពី​ការ​ចាកចេញ​ពី​ទ្រនំ​ចាស់ Barcelona នា​ចុង​រដូវ​កាល​មុន។

កីឡាករ​បែលហ្សិក​រូប​នេះ​កំពុង​មាន​ភាគរយ​ផ្លាស់​មក​លេង​នៅ​ក្លឹប​នៃ​លីគ​កំពូល​ជប៉ុន ដូច​កន្លង​ចាស់​របស់ Andres Iniesta, David Villa និង Sergi Samper ដែល​កំពុង​ប្រកប​អាជីព​នៅ J1 League។

ប្រសិន​ការ​ចរចា​អាច​សម្រេច​ទៅ​បាន​នោះ Vissel Kobe នឹង​ទទួល​បាន​បេក្ខភាព​ដ៏​សំខាន់​មួយ​រូប​ទៀត​មក​ចាប់​ដៃ​ជាមួយ Iniesta ដើម្បី​ពង្រឹង​គុណភាព​នៃ​ក្រុម​ទាំង​មូល។ ខណៈ​សព្វថ្ងៃ​ក្លឹប​កំពុង​ចុះ​ថមថយ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៥ កៀក​នឹង​ចំណាត់ថ្នាក់​ត្រូវ​កាត់​ចេញ ដោយ​យក​ឈ្នះ​លើ​ Yamaga ត្រឹម ៣ ពិន្ទុ​តែ​ប៉ុណ្ណោះ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT