លេងឲ្យក្រុមថ្មី២ប្រកួតដំបូង ឡាបូរ៉ាវីមិនទាន់រកគ្រាប់បានទេ ខណៈក្រុមចាញ់ទាំងពីរប្រកួត

ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ដែលកាលពីពេលថ្មីៗនេះត្រូវបានក្លិប Surat Thani នៅលីគទីបី ថៃ ចែចូវយកទៅចូលរួមនោះ មានឱកាសបង្ហាញខ្លួន ២ប្រកួតហើយ ប៉ុន្តែមិនទាន់មានឱកាសរកគ្រាប់បាល់ ដូចពេលលេងមិត្តភាពទេ។

២ប្រកួតនោះគឺជាកើតឡើងនៅសប្តាហ៍ទី ១៤ និង ១៥ ដោយចាញ់ Customs United ៤-១ និង ចាញ់ Nara United ១-០ ខណៈដែលពីរក្រុមនេះសុទ្ធតែជាក្រុមកំពូលតារាង ពោលគឺលេខ១ និងលេខ ២ ។

នេះជាហេតុធ្វើឲ្យ Surat Thani ស្ថិតនៅលេខរៀងទី ៨ ក្នុងលីគ មាន ១៧ពិន្ទុ ប្រកួត ១៥លើក ឈ្នះ ៤ ស្មើ ៥ និងចាញ់ ៦ ប្រកួត ។

គួរបញ្ជាក់ថា កីឡាករ ឃួនឡាបូរ៉ាវី បានផ្ទេរពីក្លិបបឹងកេតទៅកាន់ក្លិបនៅលីគទីបីនេះ ក្រោយពីបរាជ័យក្នុងការធ្វើតេស្តនៅក្លិបក្របខ័ណ្ឌលីគកំពូលថៃ Ratchaburi Mitr Phol កាលពីដើមខែមេសា កន្លងមក គ្រាដែលរូបគេត្រូវរួមរស់ជាមួយក្លិប Surat Thani រហូតដល់ចប់លីគ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT